តើខេត្តត្បូងឃ្មុំ និង ព្រៃវែង នរណាជាម្ចាស់ជើងឯកពានសម្តេចថ្នាក់ខេត្តនេះ?
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ បានឈានមដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៩ ខែកក្កដានេះ នាពហុកីឡដ្ឋានជាតិ ដោយក្រុមខេត្តត្បូងឃ្មុំ ត្រូវការពារតំណែងជើងឯកជាមួយ ខេត្តព្រៃវែង ស្របពេលដែល ខេត្តសៀមរាប ប៉ះជាមួយ ខេត្តកែប ដណ្ដើមចំណាត់ថ្នាក់លេខ៣ ។
លោក ផន រស្មីពេជ្រ គ្រូបង្គោលក្រុមជម្រើសខេត្តត្បូងឃ្មុំ ដែលត្រូវការពារតំណែងជើងឯក អះអាងថា កូនក្រុមបានត្រៀមឆន្ទៈយ៉ាងខ្ពស់ដើម្បីឈានទៅក្រសោបពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទីពីរ។ លោកបញ្ជក់ថា ការលេងវគ្គផ្ដាច់ព្រ័ត្រប៉ះព្រៃវែងសាជាថ្មីក្នុងឆ្នាំនេះ ក្រុមលោកមិនមានសម្ពាធអ្វីឡើយ។ ចំណែកកូនក្រុមវិញក៏ពុំមាននរណាមានបញ្ហារបួសដែរ។
យ៉ាងណាវិញ សម្រាប់លោក Matthew Sinclair គ្រូបង្គោលក្រុមជម្រើសខេត្តព្រៃវែង សប្បាយចិត្តដែលកូនក្រុមបានចូលរួមប្រកួតប្រជែងក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តនេះ ព្រោះបានស្រូបទាញបទពិសោធថ្មីៗ និងសម្រួចសមត្ថភាពពួកគេកាន់តែប្រសើរ។ លោកបន្ថែមថា ទោះប៉ះក្រុមណាក៏ដោយ កូនក្រុមតែងតែប្រឹងប្រែងអស់ពីសមត្ថភាព ជាពិសេសការប្រកួតផ្ដាច់ព្រ័ត្រដ៏សំខាន់នេះ។
គួរបញ្ជាក់ផងដែរថា សៀមរាប ជួប កែប ដណ្តើមយកលេខ៣ ធ្វើឡើងនៅម៉ោង ៣ រសៀល ខណៈ ត្បូងឃ្មុំ ប៉ះ ព្រៃវែង យកជើងឯកថ្នាក់ខេត្ត នៅម៉ោង ៦ ល្ងាច។ ហើយការចាប់ពូលវគ្គ១៦ក្រុម ថ្នាក់ជាតិ នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា មុនចាប់ផ្ដើមការប្រកួតផ្លូវការនៅថ្ងៃទី១២ និងទី១៣ ខែសីហា៕