Muller មិនប្រាថ្នាធ្វើជាដៃគូជាមួយ Messi ឬក៏ Ronaldo នៅតំបន់ប្រយុទ្ធទេ!
(BC-99)
Thomas Muller បានលើកឡើងថាគាត់គួរតែលេងជាមួយ Robert Lewandowski ដែលជាមិត្តរួមក្រុម Bayern Munich ប្រសើរជាងការលេងជាមួយ Lionel Messi ឬ Cristiano Ronaldo ។
អ្នកសារព័ត៌មានបានចោទសួរកីឡាករអាឡឺម៉ង់ Thomas Muller ថាតើគេចង់លេងជាមួយកីឡាករម្នាក់ណាជាងគេរវាងកីឡាករ Barcelona Lionel Messi និងកីឡាករ Juventus Cristiano Ronaldo ។ ខ្សែប្រយុទ្ធរបស់ក្រុម Bayern រូបនេះបាននិយាយថាគាត់អាចលេងបានល្អក្នុងនាមជាដៃគូរបស់ Ronaldo ហើយក៏ទទួលស្គាល់ថាទាំង Ronaldo និង Messi សុទ្ធតែជាកំពូលកីឡាករលំដាប់ពិភពលោក ក៏ប៉ុន្ត Lewandowski ទៅវិញទេដែល Muller ចង់លេងជាមួយ។
អតីតកីឡាករជម្រើសជាតិអាឡឺម៉ង់ម្នាក់នេះបានបង្កើតឱកាសស៊ុតបញ្ចូលទីចំនួន ១៨ លើកក្នុងក្របខ័ណ្ឌ Bundesliga រដូវកាលនេះខណៈដែល Lewandowski ជាអ្នកស៊ុតបញ្ចូលទីបាន ២៩ គ្រាប់ក្នុងការជួយអោយ Bayern ធ្វើដំណើរឆ្ពោះទៅរកពានរង្វាន់ផ្សេងៗគ្នា។ Thomas Muller ដែលធ្លាប់ជួយអោយក្រុមជម្រើសជាតិឈ្នះពាន World Cup 2014 បាននិយាយថាគេមិនគួរយកកីឡាករដទៃមកធ្វើការប្រៀបធៀបជាមួយ Messi និង Ronaldo នោះឡើយ។
Muller បាននិយាយថា “កីឡាករទាំងអស់មានសមត្ថភាពល្អខុសៗគ្នា ប្រហែលជាប៉ុន្មានឆ្នាំកន្លងមកខ្ញុំចង់លេងជាមួយ Leo Messi ពីព្រោះក្នុងរយៈពេល ៦ ឬ ៧ ឆ្នាំដំបូងនៃអាជីពរបស់ខ្ញុំ ខ្ញុំគឺជាខ្សែប្រយុទ្ធដែលអាចធ្វើជាដៃគូគាត់បាន។ បន្ទាប់មកខ្ញុំចង់ធ្វើជាដៃគូរបស់ Cristiano Ronaldo ដើម្បីរកគ្រាប់បាល់បន្ថែម ប៉ុន្តែនៅ Bayern មាន Robert ‘Lewan-goal-ski’ ទៅហើយ។ ខ្ញុំគិតថាប្រហែលជាពេលនេះគាត់ជាជម្រើសល្អជាង Cristiano ។