
គ្រូបឹងកេត សរសើរកូនក្រុមដែលអាចរក្សាកម្លាំង និងកាយសម្បទាបានល្អ ក្រោយសម្រាករយៈពេលយូរ
បន្ទាប់ពីបានត្រឡប់មកចាប់ផ្តើមហ្វឹកហាត់សារជាថ្មី ក្រោយពីសម្រាករយៈពេលជិត ២ខែ កន្លងទៅដោយសារជំងឺកូវីដ-១៩ លោក Apisit Im-Amphai គ្រូបង្វឹករបស់ក្លិបបឹងកេត បានស្ងើចសរសើរកូនក្រុមដែលអាចរក្សាកម្លាំង និងកាយសម្បទាបានល្អ ក្រោយពីទទួលដំណឹងអំពីការអនុញ្ញាតឱ្យដំណើរការសកម្មភាពប្រមូលផ្តុំហ្វឹកហាត់ និងប្រកួតបាល់ទាត់ឡើងវិញ ពីក្រសួងអប់រំ យុវជននិងកីឡាកន្លងទៅ។
គ្រូបង្វឹកជនជាតិថៃរូបនេះបាននិយាយថា៖ “ ខ្ញុំគិតថាគ្រប់គ្នាដែលធ្វើការក្នុងវិស័យកីឡា ពិតជាសប្បាយចិត្ត ដែលរដ្ឋាភិបាលបានអនុញ្ញាតឱ្យពួកគេត្រឡប់មកបន្តការប្រកួតប្រជែង និងហ្វឹកហាត់ឡើងវិញ ។ ឥលូវនេះ ខ្ញុំអាចមើលឃើញនូវអ្វីដែលកីឡាកររបស់យើងបានត្រឡប់មកហ្វឹកហាត់ចំនួន ២លើកកន្លងទៅ ហើយខ្ញុំពិតជារីករាយចំពោះពួកគេ ដែលអាចរក្សាកម្លាំង និងកាយសម្បទាបានល្អ ការត្រលប់មកវិញក្នុងពេលនេះ គឺល្អសម្រាប់យើងក្នុងការបន្តការងារទៅមុខទៀត ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការហ្វឹកហាត់ ដូចនេះយើងនឹងត្រៀមខ្លួនដើម្បីធ្វើឱ្យបានល្អតទៅទៀត ។ គ្រប់ក្រុមទាំងអស់គឺសុទ្ធតែជាគូប្រកួតដ៏តានតឹងសម្រាប់បឹងកេត ប្រសិនបើយើងមើលងាយលើពួកគេ ” ។
គួរបញ្ជាក់ថា ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល ២០២០ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ចាប់តាំងពីថ្ងៃទី ១៨ ខែ មីនា កន្លងទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងនៃមេរោគ COVID-19 ហើយគិតមកទល់នឹងពេលនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) ពុំទាន់ចេញនូវកាលវិភាគថ្មីនៅឡើយទេ ៕
ប្រភព៖ បឹងកេត