ឃុន ឌីម៉ា បង្ហើបថាការវះកាត់ព្យាបាលរបួសជើងខុសពីការរំពឹងទុក
អស់រយៈពេលជិត១ឆ្នាំដែលកីឡាករគុនខ្មែរ ឃុន ឌីម៉ា បានសម្រាកព្យាបាលរបួសជើងដែលបានវះកាត់ព្យាបាលរបួសសរសៃ ប៉ុន្តែស្ថានភាពរបស់គេនូវតែមិនអាចកំណត់ថ្ងៃវិលចូលសង្វៀនបានហើយកាន់តែមានភាគរយតិចសម្រាប់ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៧ នៅម៉ាឡេស៊ី រូបនេះ ក្នុងការវិលមកប្រឡូកគុនខ្មែរសារជាថ្មី ទោះបីអាចហ្វឹកហាត់បានខ្លះយ៉ាងណាក្តី ។
ម្ចាស់ខ្សែក្រវាត់គោជល់វគ្គ៧ បានបញ្ជាក់ថា ការវះកាត់របស់គេខុសពីការរំពឹងទុក ដោយដើមឡើយការពិគ្រោះជាមួយគ្រូពេទ្យគេបានប្រាប់ថាការវះកាត់ព្យាបាលប្រហែល៦ខែរូបគេអាចហ្វឹកហាត់បានធម្មតាហើយអាចឡើងប្រកួតបាន ប៉ុន្តែពេលនេះជិត១ឆ្នាំហើយរូបគេនៅតែមិនអាចហាត់បានពេញនោះទេ ពោលនៅតែឈឺកន្លែងរបួសជើងរបស់គេ ហើយរូបគេព្យាយាមហ្វឹកហាត់បានតិចតួចបំផុតដែលពិបាកក្នុងការវិលមកសង្វៀនវិញ ។
សូមបញ្ជាក់ថា ឃីម ឌីម៉ា បានរងរបួសសរសៃជង្គង់ខាងស្តាំយ៉ាងធ្ងន់ធ្ងរដែលបានវះកាត់នៅប្រទេសថៃកាលពីខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ហើយការរងរបួសនេះធ្វើអោយគេត្រូវអវត្តមានក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលពីនឆ្នាំ២០១៩ និងបោះបង់ការប្រកួតដណ្តើមខ្សែក្រវាត់ ISI PALM នៅតាមស្ថានីយទូរទស្សន៍ PNN ផងដែរ។