ពុទ្ធ សំបូរ ឡើងវគ្គបន្តដោយស្វ័យប្រវិត្តកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ
បេក្ខភាពគុនខ្មែរ ពុទ្ធ សំបូរ ជាកីឡាករដែលបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនសម្រាប់ការប្រកួតជុំដំបូងក្រុមទី២កម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ រដូវកាលទី៣ នេះ បន្ទាប់ពីដៃគូប្រកួតរបស់គេបានខកខានមកប្រកួតដោយសារបញ្ហា សម្រកទម្ងន់មិនជោគជ័យ នេះបើយោងទៅតាមការប្រកាសរបស់ពិធីករ យ៉េន ម៉ៅ និងលោក ហេង សារិត នៅមុនការប្រកួតព្រឹកថ្ងៃ សៅរ៍ នេះ ។
ពិតណាស់អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សត្រូវប៉ះកីឡាករថៃ ភីផូស៊ី ប៉ុន្តែអ្នកប្រដាល់ថៃម្នាក់នេះមិនអាចសម្រកទម្ងន់ដូចតាមការកំណត់ ៦៣.៥ គីឡូក្រាមសម្រាប់កម្មវិធីខ្សែក្រវាត់បានតំរូវ ទើបសម្រេចទទួលយកការចាញ់ដោយស្វ័យប្រវិត្ត ខណៈកីឡាករមិត្តរួមជាតិ លីងលំ ប៉យុទ្ធភូមិ បានចូលខ្លួនមកជំនួសក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតវិញ ។
មួយគូទៀតក្នុងក្រុមទី២ នេះដែរ គឺ ឃីម បូរ៉ា ត្រូវប៉ះកីឡាករថៃ ខឹកខាក់ ចំណែកសប្តាហ៍ក្រោយមានបេក្ខភាពគុនខ្មែរ ឈុត សេរីវាន់ថង ប៉ះ ទួនប៉េ និង ឡុង ជិន ត្រូវជួបជាមួយ ប្រាបវី ក្នុងដំណើររកឃើងឯកទៅជួប តាញ់ មករា ដែលជា ម្ចាស់ជើងឯកក្នុងក្រុមទី១ ដែលកំពុងឈរចាំស្រាប់ ៕