ផល សោភ័ណ្ឌ ចង់ជួបកីឡាករថៃមួយរូបក្រោយផ្តួលរុងណាផា
ក្រោយផ្តួលកីឡាករថៃ រុងណាផា ដោយប្រើក្បាច់លោតទាត់កាលពីចុងសប្តាហ៍ អ្នកលេងគុនខ្មែរកែងពិឃាដ ផល សោភ័ណ្ឌ បានបង្ហើបថាអ្នកដែលរូបគេចង់ជួបបន្តគឺកីឡាករថៃដែលធ្លាប់ចាញ់មិនអស់ចិត្ត ហ្វុន លួង ប៉េឡេបុរីរ៉ាំ ។
កូនសិស្សរបស់លោក ញ៉ូវ ម៉ាក់ បានបញ្ជាក់ថាមូលហេតុដែលចង់ប៉ះអ្នកប្រដាល់មកពីខេត្ត បុរីរ៉ាំ ម្តងទៀត ព្រោះកាលពីប្រកួតលក្ខណៈម៉ារ៉ាតុងរូបគេចាញ់មិនអស់ចិត្ត ដូចនេះហើយចង់ ជួបគ្នាម្តងទៀតដើម្បីអោយអស់ចិត្តខ្លួនឯង និងអ្នកគាំទ្រជាច្រើនដែលចង់អោយមានការប្រកួតជាលើកទីពីរកើតឡើងផងដែរនោះ ។
សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះមិនទាន់មានកីឡាករគុនខ្មែរណាមួយអាចយកឈ្នះ កីឡាករ ហ្វុន លួង ប៉េឡេបុរីរ៉ាំ បាននោះទេដោយក្នុងមានជើងខ្លាំងគុនខ្មែរជាច្រើនចាញ់ ជាបន្តបន្ទាប់មានដូចជា ឃុន ឌីម៉ា , ឡុង សំណាង និង ផាន់ គ្រាន់ ជាដើម ៕