Inter Miami របស់ Beckham ភ្លាត់ស្នៀតចាញ់ក្នុងថ្ងៃបើកឆាករដូវកាលថ្មី MLS 2020
(BC-99)
ដោយបានអង្គុយនៅលើកៅអីជាមួយភរិយា Victoria និងកូនៗរបស់ខ្លួន អតីតកីឡាកររបស់បិសាចក្រហម David Beckham បានទស្សនាក្រុម Inter Miami ដែលជាក្រុមថ្មីដែលគេបានបង្កើតធ្វើការប្រកួតបជាលើកដំបូងជាមួយ LAFC ។
ក៏ប៉ុន្តែវាមិនមែនជាថ្ងៃល្អរបស់ម្ចាស់ក្លឹបរូបនេះក្នុងការចំណាយពេលមើលកូនក្រុមរបស់ខ្លួនធ្វើការប្រកួតជាលើកតំបូងក្នុងក្របខណ្ឌ MLS នោះឡើយក្នុងខណៈពេលដែលក្រុម Inter Miami បានចាញ់ក្នុងទឹកដីរបស់ក្លឹប Los Angeles FC ដោយលទ្ធផល ១-0។
វាជាស៊ុតបញ្ចូលទីដ៏អស្ចារ្យពីអតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal – Carlos Vela នៅនាទីទី៤៤នៃវគ្គទី១ ដែលវាបានធ្វើអោយអ្នកមកពីក្រុង Miami ត្រឡប់ទៅវិញដោយបាតដៃទទេរ។
កីឡាករសញ្ជាតិម៉ិកស៊ិកខាងលើនេះរកបាន ៣៤ គ្រាប់កាលពីរដូវកាលមុននិងត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមបំផុតក្នុងលីក MLS ។ បើទោះជារងបរាជ័យក្នុងថ្ងៃបើកឆាកនេះក៏ដោយក៏គេបានមើលឃើញថា Beckham នៅតែមានក្តីរីករាយសប្បាយចិត្តព្រមទាំងបង្ហាញស្នាមញញឹមនិងភាពបស្និតស្នាលជាមួយក្រុមគ្រួសារព្រមទាំងមានការទទួលរាក់ទាក់យ៉ាងកក់ក្តៅពីសំណាក់ប្រិយ៍មិត្តរបស់ក្រុមទាំងសងខាងទៀតផង។
នៅសប្តាហ៍បន្ទាប់ក្រុមរបស់ Beckham Inter Miami នឹងត្រូវធ្វើដំណើរទៅកាន់ទីលាន Audi Stadium ដើម្បីធ្វើការប្រកួតជាមួយម្ចាស់ផ្ទះ DC United នៅទីក្រុង Washington វិញម្តងខណៈដែលសប្តាហ៍ទី៣ពួកគេនឹងត្រូវប៉ះប្រកួតតជាមួយក្រុមខ្លាំង LA Galaxy លើទីលានរបស់ខ្លួន។