ធ្លាយរឿងថា Sarri វិះទៅដឹកនាំ Chelsea វិញ ក្រោយបញ្ចប់តំណែង Lampard
Chelsea បានពិចារណានាំយកអតីតអ្នកចាត់ការ Maurizio Sarri ទៅកាន់ Stamford Bridge ក្រោយដកតំណែង Frank Lampard។
អ្នកសារព័ត៌មានមួយរូប Ciro Venerato បង្ហើបថា ក្រោយ Chelsea បញ្ឈប់ Lampard ភ្លាម លោក Sarri ត្រូវបានស្នើទៅដឹកនាំក្រុមសាជាថ្មី។ បុរសជនជាតិអ៊ីតាលីក៏យល់ព្រម។
យ៉ាងណា ការព្រមព្រៀងក៏ត្រូវផ្លាស់ប្ដូរទាំងស្រុងបន្ទាប់ពីមានការអន្តរាគមន៍ពីម្ចាស់ក្លិប Roman Abramovich។ មហាសេដ្ឋីជនជាតិរុស្ស៊ីក៏សម្រេចតែងតាំងលោក Thomas Tuchel ជំនួសវិញ។
លោក Sarri ចំណាយពេលមួយរដូវកាលនៅឆ្នាំ២០១៨/២០១៩ ជួយ Chelsea ឈ្នះពានរង្វាន់ Europa League មុនទៅដឹកនាំ Juventus បានមួយរដូវកាល។
ក្រោយឈ្នះជើងឯក Serie A លោកក៏ត្រូវបានក្រុមសេះបង្កង់បញ្ឈប់ ដោយសារធ្លាក់ UEFA Champions League វគ្គ៨ក្រុម ក្រោមថ្វីជើង Lyon។ ថ្មីៗនេះសារព័ត៌មានអ៊ីតាលីបង្ហើបថា បុរសវ័យ៦២ឆ្នាំត្រូវបានទាក់ទងទៅដឹកនាំ Fiorentina ជំនួសលោក Cesare Prandelli។
ដោយឡែកនៅ Chelsea វិញក្រោមការដឹកនាំពីអ្នកចាត់ការថ្មី Thomas Tuchel ពួកគេក៏ងើបឡើងវិញ ដោយឈ្នះ៦ និងស្មើ២ ពីការប្រកួត៨លើកចុងក្រោយ៕