អ៊ីតាលីបានរកឃើញកីឡាករបាល់ទាត់អាជីពម្នាក់មានជំងឺ កូរ៉ូណាវីរុស (COVID-19)
បើយោងតាមការប្រែសម្រួលចេញផ្សាយរបស់សារព័ត៍មាន La Gazzetta Dello Sport របស់អ៊ីតាលី ដោយសារព័ត៍មានថ្មីៗបានឲ្យដឹងថា កីឡាករ King Udoh ដែលកំពុងតែលេងនៅក្នុងក្លឹប Pianese ក្នុងក្របខណ្ឌ អ៊ីតាលី Serie បានក្លាយជាកីឡាករអាជីពដំបូងគេដែលឆ្លងកូរ៉ូណាវីរុស ( COVID-19)។
កីឡាករ Udoh ដែលមានអាយុ២២ឆ្នាំជនជាតិនីហ្សេរីយ៉ា-អ៊ីតាលី មានអាការមិនសូវស្រួលខ្លួន នាការប្រកួតចុងសប្តាហ៍កន្លងទៅជាមួយក្លឹប U23 របស់ Juventus។ ក្រោយមកត្រូវបានបញ្ជូលទៅមន្ទីរពេទ្យ Sienne មុននឹងពិនិត្យឃើញវិជ្ជមានកូរ៉ូណាវីរុស។
ក្រោយករណីនេះ សមាជិកក្លិប Pianese ទាំងមូលត្រូវបានដាក់ក្រោមវិធានចត្តាឡីស័ក ដោយបច្ចុប្បន្ន មិនមានអ្នកណាម្នាក់កើតរោគសញ្ញាសង្ស័យឡើយ។ ស្របពេលជាមួយគ្នា ក្លិប Juventus បានហាមប្រាមឈុត U23 របស់ខ្លួន ទៅទំនាក់ទំនងជាមួយឈុតធំ។
គិតមកដល់ពេលនេះ អ៊ីតាលី មានអ្នកឆ្លងដល់៦៥៥ករណី ដែលក្នុងនោះ១៧ករណីបានស្លាប់ ៤៥ករណីជាសះស្បើយ និង១៩ករណីស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕