អ្វីទៅជាច្បាប់ Financial Fair Play ក្នុងវិស័យបាល់ទាត់?
(BC-99)
ដូចដែលលោកអ្នកបានដឹងរួចមកហើយកាលពីពេលថ្មីៗនេះ Manchester City ត្រូវបានជាប់ពិន័យពីបទប្រើទឹកប្រាក់ហួសដែនកំណត់នៃច្បាប់ Financial Fair Play ហៅកាត់ថា FFP ដោយ UEFA បានសំរេចមិនអោយក្លឹបការពារតំណែងជើងឯក Premier League កាលពីរដូវកាលមុនចូលរួមប្រកួតពានរង្វាន់អឺរ៉ុបចំនួន២ឆ្នាំ។ ក្នុងថ្ងៃនេះ MSR សូមជម្រាបជូនប្រិយ៍មិត្តពីអ្វីទៅដែលហៅថា ការប្រើហិរញ្ញវត្ថុដោយសមភាព ឬ Financial Fair Play?
Financial Fair Play ត្រូវបានបង្កើតឡើងដោយសហព័ន្ធបាល់ទាត់អឺរ៉ុប Union of European Football Association ដែលហៅកាត់ថា UEFA នាអំឡុងឆ្នាំ ២០០៩ និងបានដាក់អោយអនុវត្តន៍ជាក់ស្តែងនៅឆ្នាំ ២០១២ ស្តីពីការកំហិតថវិការនៃការចាយវាយរបស់ក្លឹបនីមួយៗនៅទ្វីបអឺរ៉ុប។ គោលដៅចំបងរបស់ UEFA ដែលបានចែងច្បាប់ Financial Fair Play គឺ៖
១- ដើម្បីថែររក្សាសុវត្ថិភាពរបស់ក្លឹបបាល់ទាត់នីមួយៗកុំអោយមានវិបត្តិហិរញ្ញវត្ថុនាំដល់ការក្ស័យធុនដែលប្រឈមទៅការបិទក្លឹបបាល់ទាត់ទាំងស្រុងតែម្តង។ ដោយយោលទៅលើទិដ្ឋភាពជាក់ស្តែងមានក្លឹបបាល់ទាត់មួយចំនួនបានប្រើប្រាស់ប្រាក់បំណុលហួសប្រមាណយកមកអភិវឌ្ឍន៍ក្លឹបរបស់ខ្លួនតាមរយៈការទិញកីឡាករនិងអ្វីផ្សេងៗទៀត បានធ្វើអោយក្លឹបទាំងនោះពុំមានលំនឹងហិរញ្ញវត្ថុនិងប្រឈមទៅនិងបំណុលវាន់កនិងឈានដល់ការប្រកាសលក់ក្លឹបទាំងស្រុងក៏មាន។ ឧទាហរណ៍ជាក់ស្តែងនៅក្របខណ្ឌ Premier League ក្លឹប West Ham United នៅរដូវកាល ២០១០ បានជួបវិបត្តិហិរញ្ញវត្ថុដោយសារការខាតបង់ប្រាក់ចំនួន ៩០.២ លានផោនក្នុងខណៈពេលដែលពួកគេរកចំណូលបានត្រឹមតែជាង ១០ លានផោនតែប៉ុណ្ណោះ។ វិបត្តិនេះធ្វើអោយ West Ham Utd ធ្លាក់ចេញពីលីកកំពូលនៅឆ្នាំ ២០១១ តែម្តង។ កាលពីមុននេះជិត១០ឆ្នាំក្លឹបឯទៀតៗនៅអង់គ្លេសដូចជា Leeds United ក៏ជួបបញ្ហាដោយការចាយវាយប្រាក់កម្ចីហួសប្រមាណនេះដែរ រីឯ Portsmouth នៅផុងខ្លួនរើមិនទាន់រួចនៅឡើយទេ។
២-ដើម្បីអោយមានតម្លាភាពក្នុងការប្រកួតប្រជែង។ ត្រង់ចំនុចនេះអ្នកប្រាកដជាឆ្ងល់ថាហេតុអ្វីក្លឹបអ្នកមានមិនអាចទិញកីឡាករស្រេចតែចិត្តគេចង់បាន? មែន! បើពុំមានច្បាប់ Financial Fair Play ទេនោះក្លឹបដែលមានម្ចាស់ជាមហាសេដ្ឋីទាំងឡាយច្បាស់ជាប្រើធនធានរបស់ខ្លួនដោយមិនសំចៃទិញយកកីឡាករល្អៗមកចូលរួមក្លឹបរបស់ខ្លួនមិនខាន។ ការធ្វើបែបនេះអាចជាការប្រល័យក្លឹបតូចៗអោយក្ស័យដោយសារតែមិនមានលុយគ្រប់គ្រាន់ទិញកីឡាករមកពង្រឹងក្លឹប ខណៈដែលក្លឹបអ្នកមានៗគេប្រើលុយទិញកីឡាករល្អៗយកមកប្រមូលពានតូចធំផ្សេងៗក្នុងគោលបំណងយកក្លឹបធ្វើជាអាជីវកម្មចំណេញតែប៉ុណ្ណោះ។ ឧទាហរណ៍ជាក់ស្តែងនៅ Premier League (មុនឆ្នាំ ២០១១) ការចាយលុយតាមរយៈម្ចាស់ក្លឹបដែលជាអ្នកមានដោយសម្រុកទិញកីឡាករល្បីៗ ការឃោសនាផ្សព្វផ្សាយដោយមិនសំចៃ បានធ្វើអោយក្លឹបខ្លះក្លាយជាក្លឹបកំពូលត្រឹមតែរយៈពេលមួយរដូវកាលតែប៉ុណ្ណោះ។
៣-ដើម្បីអោយមានលំនឹងហិរញ្ញវត្ថុ។ ត្រង់ចំនុចនេះបានន័យថាទាំងក្លឹបតូច ទាំងក្លឹបធំនៅអឺរ៉ុបត្រូវតែចំណាយអោយបានតិចជាងចំណូលរបស់ខ្លួន។ ជាការណ៍ពិតណាស់ UEFA មិនចង់អោយក្លឹបមួយចំនួនជាពិសេសក្លឹបដែលមានប្រវត្តិដ៏យូរលង់ត្រូវបិទទ្វារ លក់ទីលានរបស់ខ្លួននោះទេ ហើយ UEFA ក៏មិនអាចរ៉ាប់រងការខាតបង់ដល់ក្លឹបណាមួយបានដែរ ដូចនេះហើយទើបបានជាគេបង្កើតជាច្បាប់ Financial Fair Play នេះឡើង។
យើងមកមើលអំពីកំហុសរបស់ Manchester City ដែលបានរងការចោទប្រកាន់ពី UEFA គឺមកពីការប្រាសចាកពីចំនុចទី២ច្រើនជាង។ ប្រសិនបើ Manchester City មិនអាចរកភាពស្អាតស្អំអោយខ្លួនឯងបានទេ ពួកគេនឹងត្រូវរងការចោទប្រកាន់បន្ថែមទៀតពីក្របខណ្ឌ Premier League ឬអាចដកហូតពានរង្វាន់ចេញទៀតផងប្រសិនបើពួកគេបានឈ្នះក្នុងអំឡុងពេលធ្វើខុសនឹងវិន័យខាងលើ។
ទាំងនេះគ្រាន់តែជាជ្រុងមួយដែល MSR បានធ្វើការស្រាវជ្រាវនិងចែករម្លែកដល់ប្រិយ៍មិត្តអោយបានដឹងតែប៉ុណ្ណោះ វានៅមានច្រើនជាងនេះទៅទៀត និងអាចមានចំនុចខុសគ្នាខ្លះទៅតាមក្របខណ្ឌនីមួយៗនៅទ្វីបអឺរ៉ុប។ យើងខ្ញុំរង់ចាំការកែលម្អបន្ថែមពីសំណាក់ប្រិយ៍មិត្តទាំងឡាយ។