
Foden ជាប់ជម្រើសជាតិអង់គ្លេសសាជាថ្មីក្រោយបាត់មុខព្រោះរឿងអាស្រូវ
ខ្សែបម្រើ Phil Foden ត្រូវបានបញ្ចូលក្នុងបញ្ជីក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសជាថ្មីទៀតហើយសម្រាប់ការប្រកួតនៅខែវិច្ឆិកាតទល់សាធារណរដ្ឋអៀរឡង់, បែលហ្ស៊ីក និងអ៊ីស្លង់។
ផ្ទុយទៅវិញ Mason Greenwood ដែលជាប់ព័ន្ធពាក់ព័ន្ធរឿងនាំស្រីឡើងសណ្ឋាគារជាមួយ Foden និងត្រូវបានបញ្ជូនទៅអង់គ្លេសវិញកាលខែមុនមិនទាន់មានឈ្មោះឡើងវិញទេ។
ជាមួយគ្នានេះ Danny Ings និង Kalvin Phillips ត្រូវអវត្តមានដោយសាររបួស។
Reece James ដែលបានកាតក្រហមពេលប៉ះដាណឺម៉ាកត្រូវដាក់ចូលបញ្ជីម្ដងទៀតដែរ តែបានតែប្រកួតជាមួយសាធារណរដ្ឋអៀរឡង់នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកាប៉ុណ្ណោះដោយសារបម្រាមពីរប្រកួត។
Harry Maguire ប្រធានក្រុម Manchester United មិនអាចលេងទល់ម្ចាស់ផ្ទះបែលហ្ស៊ីកបានទេនៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយសារបានកាតក្រហមពេលប៉ះដាណឺម៉ាក។ ចំណែក Raheem Sterling វិលចូលជម្រើសជាតិវិញ ក្រោយខកខានប៉ុន្មានប្រកួតដោយសាររបួស។
ដោយឡែក ខ្សែប្រយុទ្ធវ័យក្មេង Harvey Barnes របស់ Leicester City ដែលចូលលេងនៅនាទី៧៦កាលឈ្នះវេលស៍ ខែតុលា មិនមានឈ្មោះក្នុងបញ្ជី២៩នាក់ទេ។
អង់គ្លេសនឹងទទួលអ៊ីស្លង់នៅថ្ងៃទី១៨ ខែវិច្ឆិកាសម្រាប់ការប្រកួត UEFA Nations League៕