ក្តីសង្ឃឹមឡើងមកលីគកំពូលរបស់ ព្រៃវែង ជួបបញ្ហាដោយសារកីឡាករសំខាន់ៗជាប់ពិន័យដល់ចប់រដូវកាល
គោលដៅឡើងមកលេងនៅលីគកំពូលបាល់ទាត់កម្ពុជារបស់ក្លិបបាល់ទាត់ខេត្តព្រៃវែង កាន់តែពិបាក បន្ទាប់ពីគណៈកម្មការវិន័យ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចដាក់ទណ្ឌកម្មលើកីឡាកររបស់ក្លិបនេះចំនួន៥នាក់ ។
កីឡាករក្លិបបាល់ទាត់ខេត្តព្រៃវែង ចំនួន ៥រូបមានដូចជា៖ គី រីណា, វុធ តុលា, ពៅ ចាន់ថេត និង លីន តារាវិទ្យ រងទណ្ឌកម្មព្យួរមិនឲ្យប្រកួតរយៈពេល ៣ខែ និងពិន័យជាប្រាក់ ២៥០,០០០រៀល លើកំហុសចូលរួមជម្លោះវាយតបលើទីលាន ឈានទៅដល់ការប្រើហិង្សា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក្នុងជំនួបសប្ដាហ៍ទី៤ជាមួយក្លិបបាល់ទាត់ U-21 ភ្នំពេញក្រោន នៃពានរង្វាន់លីគលំដាប់ទី២ កម្ពុជា ។ចំណែកកីឡាករ ២រូបរបស់ U-21 ភ្នំពេញក្រោន ក៍ត្រូវពិន័យផងដែរក្នុងនោះមានអ្នកចាំទី គឹម ចាន់ធី និងកីឡាករ មន រួង ដោយមិនឲ្យប្រកួតរយៈពេល ៣ខែ និងពិន័យជាប្រាក់ ២៥០,០០០រៀល លើកំហុសជាមួយគ្នានេះ ។
កីឡាករទាំង៥រូបនឹងត្រូវអវត្តមានជាមួយក្លិបបាល់ទាត់ខេត្តព្រៃវែងរហូតដល់ចប់រដូវកាល ២០២០ នេះដែលធ្វើអោយពួកគេពិបាកក្នុងការប្រជែងជាមួយក្លិបផ្សេងៗទៀតដើម្បីឡើងមកលីគកំពូលកម្ពុជា បន្ទាប់ពីបានផ្តាច់ខ្លួនជាផ្លូវការ ពីយុវជនវិសាខា មក ។ ឆ្លងកាត់ការប្រកួត៤ប្រកួតកន្លងមក ខេត្តព្រៃវែង មិនទាន់ចាញ់នៅឡើយទេ ដោយឈ្នះ៣ប្រកួតនិងចុងក្រោយស្មើជាមួយ U-21 ភ្នំពេញក្រោន ២ ទល់ ២ ក្នុងទឹកដីខ្លួនឯង និងកំពុងឈរលេខរៀងទី២ក្នុងតារាង ៕