Frankfurt លើកពាន Europa League រដូវកាលនេះដោយមិនចាញ់សូម្បី១ប្រកួត
Eintracht Frankfurt របស់អាល្លឺម៉ង់ បានក្លាយជាម្ចាស់ជើងឯក UEFA Europa League រដូវកាល២០២១/២០២២ ក្រោយឈ្នះក្រុមស្កុតលែន Rangers FC ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥ទល់នឹង៤ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃពុធ ទី១៨ ខែឧសភា។
ក្រុមទាំង២ស្មើគ្នា១ទល់នឹង១ យ៉ាងតានតឹង រហូតដល់ការទាត់កាត់សេចក្ដីស្វែងរកជើងឯក។
Frankfurt គឺជាក្រុមទី៣ហើយដែលមិនចាញ់សោះលើវិថីឆ្ពោះទៅកាន់ជោគជ័យក្នុងរដូវកាលនេះ បន្ទាប់ពី Chelsea ធ្វើបានរដូវកាល២០១៨/២០១៩ និង Villarreal រដូវកាលមុន។
អ្នកទាត់មិនចូលសម្រាប់ Rangers គឺខ្សែបម្រើ Aaron Ramsey ដែលគ្រូបង្គោល Giovanni van Bronckhorst គិតថា នឹងអាចនាំយកបទពិសោធក្រាស់ក្រែលរបស់គេជួយក្រុម។ ផ្ទុយទៅវិញ បានត្រឹមតែខកចិត្ត ហើយអតីតកីឡាករ Arsenal និង Juventus ខាងលើបានសម្រក់ទឹកភ្នែកយ៉ាងសង្វេគ។
ភាពខកចិត្តនេះក៏ត្រូវបានគេមើលឃើញដែរកាលឆ្នាំ២០០៨ដែលពួកគេបានចាញ់ Zenit ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Cup។
ផ្ទុយទៅវិញ ភាគីម្ខាងទៀត គឺ Frankfurt បានអបអរភាពរីករាយរបស់ខ្លួនដែលកើតឡើងពីការទាត់សម្រេចគ្រាប់ចុងក្រោយរបស់ Rafael Maury។
នេះជាការឈ្នះជើងឯកអឺរ៉ុបសាជាថ្មីក្នុងរយៈពេល៤២ឆ្នាំ និងជាក្រុមអាល្លឺម៉ង់មួយទៀត បន្ទាប់ពី Schalke ដែលឈ្នះ UEFA Cup ក្នុងរដូវកាល១៩៩៦/១៩៩៧។
Frankfurt ក៏បង្ហាញថា ពួកគេពិតជាស័ក្ដិសមក្នុងការឈ្នះជើងឯក Europa League រដូវកាលនេះ។ ក្រុមអាល្លឺម៉ង់ត្រូវប៉ះគូប្រជែងដ៏ខ្លាំងលើមុនបានលើកពាន។ ក្នុងវគ្គ៨ក្រុម ពួកគេបានទម្លាក់ FC Barcelona។
ជាមួយនឹងការឈ្នះ Europa League នេះ ក្រុមអាល្លឺម៉ង់ខាងលើក៏ទទួលបានកៅអី UEFA Champions League វគ្គចែកពូល និងជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៦០៕