លីគកំពូលចុងសប្ដាហ៍នេះ បើវិសាខាឈ្នះក្រោន នឹងក្លាយជាជើងឯក
ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា ឈានដល់សប្ដាហ៍ទី២៦ នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា នេះ។
ក្រុមកំពូលតារាងវិសាខា ត្រូវប៉ះក្រុមលេខ២ភ្នំពេញក្រោន។ វិសាខាបច្ចុប្បន្នមាន៤៩ពិន្ទុ នាំមុខក្រុមលេខ២ភ្នំពេញក្រោន និងក្រុមលេខ៣ព្រះខ័នរាជស្វាយរៀង ចំនួន៣ពិន្ទុដូចគ្នា។ ដូច្នេះប្រសិនបើក្រុមទាំងស្មើគ្នាសប្ដាហ៍នេះ មានន័យថា វិសាខា គឺជាជើងឯកដោយជោគជ័យ ព្រោះ head-to-head ប្រសើរជាងភ្នំពេញក្រោន។
កាលជុំទី១ ក្រុមទាំង២ស្មើគ្នា០ទល់នឹង០នៅ RSN មុនវិសាខាឈ្នះនៅ Prince Stadium ៣ទល់នឹង១។
ចូលដល់ជុំទី៣ ក្រុមទាំង២ខាងលើស្មើគ្នា១ទល់នឹង១នៅ Prince ចំណែកជើងទី១ដំណាក់កាល Top 4 ភ្នំពេញក្រោនឈ្នះវិសាខា ៤ទល់នឹង៣។
ចំណែកព្រះខ័នរាជស្វាយរៀងត្រូវប៉ះបឹងកេត។ ស្វាយរៀងដែលឈរលេខ៣ហាក់មិនមានសង្ឃឹមទៀតឡើយក្នុងការប្រជែងជើងឯក ដោយនៅក្រោយវិសាខា៣ពិន្ទុ ហើយចាញ់ head-to-head ថែមទៀត។ តែយ៉ាងណា ក្រុមទាំង២ត្រូវការឈ្នះដូចគ្នាដើម្បីយកពិន្ទុបន្ថែម៕