ម្ដាយខ្សែការពារ Tyrone Mings ធ្លាប់សូមក្លិបយ៉ាងច្រើននៅអង់គ្លេសឲ្យកូនធ្វើតេស្ដ
Tyrone Mings បច្ចុប្បន្នជាកម្លាំងស្នូលមួយរូបប្រចាំក្លិប Aston Villa និងរួមចំណែកធ្វើបាន clean sheet ៣លើកនៅ Premier League រដូវកាល២០២០/២០២១នេះ។ គេក៏ទទួលបានឱកាសជាប់ក្នុងបញ្ជីជម្រើសជាតិអង់គ្លេសញឹកញាប់មួយរយៈធំចុងក្រោយ។
តែមុនក្រសោបបានភាពលេចធ្លោ កីឡាករវ័យ២៧ឆ្នាំធ្លាប់ឆ្លងកាត់រឿងរ៉ាវដ៏ក្ដុកក្ដួលមួយក្រោយត្រូវបានក្លិប Southampton បញ្ចេញពីថ្នាលយុវជននៅឆ្នាំ២០០៩ ពេលកញ្ចប់ថវិកាត្រូវបានកាត់បន្ថយ។ គេថា កាលណោះម្ដាយរបស់គេបានសរសេរសំបុត្រទៅកាន់ក្លិបចំនួន៧២តាំងពីក្របខណ្ឌកំពូលដល់ថ្នាក់ក្រោមដើម្បីឲ្យកូនប្រុសបានចូលធ្វើតេស្ដសមត្ថភាព។
Mings អះអាងថា មានតែ៦ក្លិបប៉ុណ្ណោះដែលឆ្លើយតប ហើយចម្លើយនោះ គឺថា ក្លិបពួកគេមានកីឡាករគ្រប់ចំនួនហើយ។ បន្ទាប់ពីមិនទាន់មានក្លិបលេង គេបានចូលសិក្សា និងធ្វើការនៅរង្គសាល ក្រោយមកនៅហាងបញ្ចាំ និងលេងនៅក្លិបកម្រិត Non-League។
លុះដល់ខែធ្នូ ឆ្នាំ២០១២ ទើប Mings ជាប់តេស្ដសមត្ថភាពនៅ Ipswich Town និងបន្តធ្វើការនៅក្រុមហ៊ុនអចលនទ្រព្យ។ គេលេងនៅទីនោះរហូតដល់ឆ្នាំ២០១៥ក៏ផ្លាស់ទៅ Bournemouth មុនផ្ទេរនៅ Aston Villa នៅខែមករា ឆ្នាំ២០១៩។
Tyrone Mings ចាត់ទុករឿងរ៉ាវទាំងនេះជាហេតុផលធ្វើឲ្យគេក្លាយជាមនុស្សរឹងមាំ និងប្រសើរជាងមុន៕