Van Dijk នៅតែប្តេជ្ញាចិត្តលេងអោយហូឡង់សម្រាប់ព្រឹត្តិការណ៍អឺរ៉ូ ខណៈដែលលោក Klopp បដិសេធ
Virgil van Dijk និង Jurgen Klopp អាចនឹងប៉ះទង្គិចគ្នាបន្តិច ព្រោះខ្សែការពាររូបនេះនៅតែចង់លេងឲ្យក្រុមជំរើសជាតិរបស់ខ្លួនក្នុងពានរង្វាន់អ៊ឺរ៉ុបនៅរដូវក្តៅនេះ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានស្ថិតនៅក្រៅទីលានចាប់តាំងពីរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរពេលប្រកួតជាមួយក្រុម Everton កាលពីខែតុលា។
ជាមួយគ្នានេះ បើយោងទៅតាមកាសែត Mirror បានឱ្យដឹងថា Van Dijk មិនបានបោះបង់ចោលនូវការចង់បង្ហាញខ្លួនឲ្យហូឡង់នៅរដូវក្តៅនេះទេ ស្របពេលដែលគ្រូបង្វឹកហង្សក្រហមគឺចង់ឲ្យខ្សែការពាររូបនេះផ្តោតសំខាន់ទៅលើការជាសះស្បើយទាន់ពេលវេលា ដើម្បីវិលត្រឡប់ទៅកាន់ទីលានវិញដើម្បីយុទ្ធនាការជួយក្រុមនាពេលបន្ទាប់។ គួរបញ្ជាក់ថា ការប្រកួតដំបូងរបស់ហូឡង់ក្នុងការប្រកួតនៅរដូវក្តៅនេះ គឺត្រូវប្រកួតជាមួយអ៊ុយក្រែន នៅទីក្រុង Amsterdam នៅថ្ងៃទី ១៣ ខែមិថុនា ខាងមុខនេះ ហើយកាលពីដើមខែកន្លងទៅលោក Klopp បានបញ្ជាក់យ៉ាងច្បាស់ថា គាត់រំពឹងថាទាំង Van Dijk និង Joe Gomez នឹងខកខានចូលលេងឲ្យក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍អឺរ៉ូ ដោយសារតែភាពធ្ងន់ធ្ងរនៃការរងរបួសរបស់ពួកគេនិងរយៈពេលនៃការជាសះស្បើយ៕