បឹងកេត ចាប់ឆ្នោតនៅ AFC Cup រួចរាល់ហើយ
ពានរង្វាន់ AFC Cup ឆ្នាំ ២០២១ បានចាប់ឆ្នោតបែងចែកពូលរួចរាល់ហើយនៅថ្ងៃនេះ ខណៈម្ចាស់ជើងឯកលីគកំពូលបាល់ទាត់កម្ពុជា បឹងកេត ស្ថិតនៅពូល G ជាមួយក្រុមមកពីវៀតណាម និង ឥណ្ឌូនេស៊ី ។
ក្នុងពូល G នេះមានក្រុម Hanoi FC របស់វៀតណាម ហើយជាក្រុមរងជើងឯកនៅលីគ V.League 1 ក្នុងរដូវកាល ២០២០ កន្លងទៅនេះផងដែរ ។ ចំណែកក្រុមមកពី ឥណ្ឌូនេស៊ី គឺ Bali United F.C. ដែលជាម្ចាស់ជើងឯកលីគកំពូលរបស់ ឥណ្ឌូនេស៊ី កាលពីឆ្នាំ ២០១៩ បន្ទាប់ពីឆ្នាំ ២០២០ មិនមានជើងឯកដោយសារបញ្ហាកូវីដ១៩ ។ សម្រាប់មួយក្រុមទៀតដែលត្រូវឡើងទៅ ក្នុងពូល G នេះគឺជាក្រុមដែលឈ្នះក្នុងវគ្គជម្រុះដោយមានបេក្ខភាព ៣ក្រុម រួមមាន Lao Toyota របស់ប្រទេសឡាវ , ក្រុម Kasuka មកពីប្រុយណេ និង Hanthawady United របស់ ភូមា ។
សម្រាប់ការប្រកួតក្នុងពូលនីមួយៗមិនទាន់បានកំណត់ពេលវេលាច្បាស់នៅឡើយទេ ខណៈការប្រកួតជម្រុះវគ្គ Play off គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ ខាងមុខដែលក្រុម វិសាខា ជាបេក្ខភាពរបស់កម្ពុជា ៕