UEFA ពិន័យសហព័ន្ធបាល់ទាត់អង់គ្លេស៣ម៉ឺនអឺរ៉ូ លើឧបត្តិហេតុជាច្រើន
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានសម្រេចពិន័យសមាគមកីឡាបាល់ទាត់អង់គ្លេស (FA) ជាទឹកប្រាក់៣ម៉ឺនអឺរ៉ូសម្រាប់បញ្ហាមិនល្អជាច្រើនដែលបានកើតឡើងនៅ Euro 2020។
ការពិន័យនេះគឺលើរឿងបាញ់ឡាស៊ែរដាក់ភ្នែកអ្នកចាំទី Kasper Schmeichel, ការប្រើផ្សែងភ្លើង និងការចំអកដាក់ក្រុមជម្រើសជាតិដាណឺម៉ាកពេលគោរពភ្លេងជាតិជាដើម។
UEFA ក៏បានព្រមានដែរថា មិនឲ្យមានរឿងបែបនេះកើតឡើងទៀតក្នុងការប្រកួត UEFA Euro 2020 វគ្គផ្ដាច់ព្រ័ត្រ ដែលអង់គ្លេសត្រូវជួបជាមួយអ៊ីតាលី នារាត្រីថ្ងៃអាទិត្យ ទី១១ ខែកក្កដានេះ ខណៈអ្នកទស្សនាខ្ទង់៨ម៉ឺនត្រូវបានគេរំពឹងថា នឹងចូលរួមមើលដោយផ្ទាល់នាកីឡដ្ឋាន Wembley។
បើនិយាយពីការបាញ់ឡាសែ៊រវិញកើតឡើងពេល Kasper Schmeichel ត្រៀមចាប់បាល់១១ម៉ែត្ររបស់ Harry Kane អំឡុង extra time។ ពេលនោះអ្នកចាំទីជម្រើសជាតិដាណឺម៉ាករូបនេះទះបាល់បានទៅហើយ ប៉ុន្តែ Kane ទាត់បន្ថែមបានសម្រេច ហើយអង់គ្លេសក៏ឈ្នះ២ទល់នឹង១ឡើងវគ្គផ្ដាច់ព្រ័ត្រ។
ជនបង្កមិនត្រូវបានគេរកឃើញទេ ប៉ុន្តែអតីតកីឡាករ Leicester City លោក Stan Collymore ទទូចឲ្យមានការស្រាវជា្រវ និងដាក់ពិន័យមួយជីវិត៕