Foden ទំនងមិនបានលេងផ្ដាច់ព្រ័ត្រ Euro ទេ
ខ្សែបម្រើ Phil Foden ទំនងខកខានការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Euro 2020 ដោយសារបញ្ហារបួស។
លោក Gareth Southgate បញ្ជាក់ថា “៖ Foden នៅតែមានឱកាសលេង។ ក្រុមការងារពេទ្យនឹងផ្ដល់ព័ត៌មានដើម្បីសម្រេចចិត្តចុងក្រោយ។ របួសនេះមិនសូវជាខ្លាំងប៉ុន្មានទេ វាគ្រាន់តែអាចធ្វើឲ្យ Foden អវត្តមានវគ្គផ្ដាច់ព្រ័ត្រប៉ុណ្ណោះ។”
Foden មិនបានចូលរួមការហ្វឹកហាត់ចុងក្រោយទេមុនវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមរហស្សនាមតោខៀវមិនមានកីឡាករណារបួសទៀតទេ។ ក្នុងចំណោមកីឡាករ២៦នាក់ក៏បានតេស្ដកូវីដ១៩ទាំងអស់គ្នា ហើយលទ្ធផល គឺអវិជ្ជមាន។
សារព័ត៌មាន Goal ជឿជាក់ថា អវត្តមានរបស់ Foden នឹងមិនប៉ះពាល់ដល់អង់គ្លេសប៉ុន្មានទេ។ ក្រោយចូលលេងជម្រើសដំបូងតទល់ក្រូអាត កីឡាករមកពី Manchester City រូបនេះមិនបានជាប់ជម្រើស១១នាក់ទៀតឡើយ ហើយលេងបានតែ២៥នាទីប៉ុណ្ណោះក្នុងចំណោម៤ប្រកួតចុងក្រោយ។
សម្រាប់តំបន់ប្រយុទ្ធ៣របស់អង់គ្លេស ភាគច្រើនលោក Southgate ដាក់ Raheem Sterling, Harry Kane និង Bukayo Saka។ បើកៅអីបម្រុងវិញក៏មានល្អៗច្រើនដែរ ដូចជា Jack Grealish, Marcus Rashford និង Dominic Calvert-Lewin៕