៣ខែចុងក្រោយនេះ តម្លៃខ្លួនរបស់ Mbappe ធ្លាក់ចុះអស់១៤លានអឺរ៉ូ
របាយការណ៍ពីស្ថាប័ន audit ដ៏ល្បីមួយឈ្មោះថា KPMG បង្ហាញថា តម្លៃខ្លួនលើទីផ្សាររបស់ Kylian Mbappe បានធ្លាក់ចុះដល់ទៅ១៤លានអឺរ៉ូក្នុងរយៈពេល៣ខែចុងក្រោយ។
ប្រភពដដែលបន្តថា ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះជាកីឡាករថ្លៃជាងគេលើលោក។ KPMG វាយតម្លៃឃើញថា កីឡាករមកពីក្លិប Paris Saint Germain មានថ្លៃខ្លួន១៧៥លានអឺរ៉ូនាពេលបច្ចុប្បន្ន ក្នុងចំណោមកីឡាករថ្លៃជាងគេ១០រូប (ក្រោយធ្លាក់ចុះអស់១៤លានអឺរ៉ូ គឺសល់ប៉ុណ្ណឹង)។
ចំណែកការវាយតម្លៃជារួមវិញ តម្លៃខ្លួនកីឡាករទាំងអស់មិនកើនឡើងច្រើនទេក្នុងរយៈពេល៩ខែចុងក្រោយ ហើយវាក៏ពាក់ព័ន្ធរឿងរាលដាលកូវីដ១៩ដែរ។
KPMG បញ្ជាក់ថា “៖ក្នុងចំណោមកីឡាករកំពូល៥០០នាក់ មានការកើនថ្លៃខ្លួនតែ១ភាគរយប៉ុណ្ណោះ ហើយបើអ្នកកំពូលទាំង១០០នាក់វិញ ធ្លាក់ចុះ១ភាគរយ។”
ក្នុងចំណោមកីឡាករថ្លៃជាងគេ១០នាក់ មាន៦នាក់មកពី Premier League ហើយ៤នាក់ក្នុងចំណោម៦នាក់នោះជាជនជាតិអង់គ្លេសដែលមាន Harry Kane, Marcus Rashford, Alexander Trent-Arnold និង Raheem Sterling។
សម្រាប់កីឡាករដែលកើនថ្លៃខ្លួនច្រើន គឺ Phil Foden (ឡើង១៥លានអឺរ៉ូ), Christian Romero (ឡើង១៣លានអឺរ៉ូ) និង Jeremy Doku (ឡើង១៣លានអឺរ៉ូ)៕