ទៅដល់ Roma ភ្លាម Mourinho បង្ហើបផែនការវ៉ៃចេញកីឡាករ៨នាក់
លោក Jose Mourinho គ្រូបង្គោលថ្មីរបស់ AS Roma បង្ហើបថា កីឡាករ៨នាក់ដែលមាន Pedro, Justin Kluivert, Steven N’Zonzi, Robin Olsen, Ante Coric, Javier Pastore, Davide Santon និង Federico Fazio នឹងត្រូវបានដាក់លក់នាពេលឆាប់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Sky Sport។
ប្រភពដដែលបន្ថែមថា អ្នកទាំង៨នាក់នឹងមិនចូលរួមការប្រមូលផ្ដុំហ្វឹកហាត់សម្រាប់រដូវកាលថ្មីទេ ដោយពួកគេនឹងត្រូវបានលក់ចេញនាពេលឆាប់ៗខាងមុខ។
Justin Kluivert ជាកីឡាករវ័យក្មេងប្រកបដោយទេពកោសល្យ តែមិនបានបង្ហាញអស់ពីអ្វីដែលខ្លួនមានទេប៉ុន្មានរដូវកាលចុងក្រោយ ហើយរដូវកាលមុនលេងនៅ RB Leipzig លើលក្ខខណ្ឌខ្ចី។ ចំណែក Pedro គឺជាកីឡាករដ៏មានឥទ្ធិពលមួយរូបក្នុងក្រុម។
លោក Jose Mourinho បានទៅដល់ក្រុង Rome កាលថ្ងៃទី០២ ខែកក្កដា និងធ្វើសន្និសីទលើកដំបូងនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា។ អតីតអ្នកចាត់ការ Tottenham Hotspur រូបនេះត្រូវបានជ្រើសរើសជំនួសលោក Paulo Fonseca ដែលបានចាកចេញពីតំណែងនាដំណាច់រដូវកាលកន្លងទៅ ខណៈក្រុមនេះបញ្ចប់នៅលេខ៧ក្នុងក្របខណ្ឌកំពូលអ៊ីតាលី។
លោក Mourinho ក៏ធ្លាប់ធ្វើការនៅអ៊ីតាលីដែរពីចន្លោះរដូវកាល២០០៨ដល់២០១០នៅ Inter Milan។ បុរសជនជាតិព័រទុយហ្គាល់បាននាំ Inter Milan ឈ្នះពានរង្វាន់៣កម្មវិធីក្នុងរដូវកាលចុងក្រោយ គឺ UEFA Champions League, Serie A និង Coppa Italia មុនចេញទៅបង្វឹក Real Madrid៕