Hakimi រងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ
អាជ្ញាធរបារាំងកំពុងបើកការស៊ើបអង្កេតលើខ្សែការពារ Achraf Hakimi របស់ Paris Saint-Germain បន្ទាប់ពីកីឡាកររូបនេះត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទ។
សារព័ត៌មាន Le Parisien បានបង្ហាញថា នារីវ័យ២៤ឆ្នាំម្នាក់បានចោទប្រកាន់កីឡាករជម្រើសជាតិម៉ារ៉ុក ពីបទរំលោភនាងនៅផ្ទះឯកជនរបស់គេនៅ Boulogne-Billancourt ក្រុងប៉ារីសកាលពីថ្ងៃទី២៥ ខែកុម្ភៈ។
នារីរងគ្រោះបានទៅប៉ុស្តិ៍នគរបាលសង្កាត់ Nogent-sur-Marne ដើម្បីរាយការណ៍ពីហេតុការណ៍នេះ តែមិនបានដាក់ពាក្យបណ្ដឹងទេ។ ព្រះរាជអាជ្ញានៅបារាំងត្រូវបង្ខំចិត្តបើកការស៊ើបអង្កេតដើម្បីជម្រះករណីនេះ។
ប្រព័ន្ធផ្សព្វផ្សាយបារាំងបានបញ្ជាក់ថា Hakimi និងស្ត្រីបានផ្ញើសារតាមបណ្តាញសង្គមមុនពេលជួបគ្នានៅផ្ទះឯកជនរបស់តារា PSG។
Hakimi បានរៀបការជាមួយតារាភាពយន្តអេស្ប៉ាញ Hiba Abouk និងមានកូនប្រុសពីរនាក់។ គេដឹងថា Abouk និងកូនពីរនាក់របស់គេបានទៅវិស្សមកាលនៅក្រុងឌូបៃនៅពេលកើតហេតុ៕