សែន រ៉ាដេត ចេញប្រកួតលើកដំបូងក្នុងពេលឆាប់ៗក្រោយខកខានប្រហែល៣ឆ្នាំ
ក្រោយខកខានប្រកួតអស់រយៈពេលប្រហែល៣ឆ្នាំកន្លងមកពេលនេះអ្នកប្រដាល់គុនខ្មែរទម្ងន់ស្រាល សែន រ៉ាដេត បានកំណត់ឡើងប្រកួតលើសង្វៀនវិញច្បាស់ហើយក្រោយពីបានផ្លាស់ពីក្លិបក្រសួងកសិកម្ម មកកាន់ក្លិប ប៉ែន កាក់ គុនខ្មែរ ជាមួយគ្រូបង្វឹក ស៊ន អេលីត កាលពីពេលថ្មីៗកន្លងទៅនេះ ។ តាមការបញ្ជាក់របស់ សែន រ៉ាដេត មកកាន់ MSR SPORT ថា រូបគេនឹងចេញប្រកួតក្នុងថ្ងៃទី ២៩ កុម្ភៈ ខាងមុខនេះហើយ ខណៈរូបគេកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពអោយបានល្អឡើងវិញ ។ រ៉ាដេត បន្តថាមិនទាន់ហ៊ានធានា ថានឹងអាចធ្វើបានល្អដល់កម្រិតណានោះទេ ប៉ុន្តែនឹងប្រឹងប្រែងអោយអស់ពីសមត្ថភាពសម្រាប់ការវិលមកសង្វៀនសារជាថ្មីនេះ ។ សម្រាប់ដៃគូរបស់អ្នកប្រដាល់ខេត្តកោះកុង រូបនេះមិនទាន់បង្ហាញអោយច្បាស់នៅឡើយទេ ខណៈការប្រកួតរបស់គេគឺធ្វើឡើងក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ៕