ធន់ ចាន់តាក់ យកខ្សែក្រវាត់ចូលក្លិបបានសម្រេចហើយ
ម្ចាស់ជើងឯកប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាមកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរបានទៅលើកីឡាករគុនខ្មែរ ធន់ ចាន់តាក់ បន្ទាប់ពីតទល់នឹងកីឡាករថៃ រិទ្ធអៃយ៉ារ៉ា ពេញ៥ទឹក នាថ្ងៃ សៅរ៍ ទី ០១ ខែ គុម្ភៈ នេះនាសង្វៀន CBS ក្នុងវគ្គផ្តាច់ព្រ័ត្រ ។ ចៅក្រម៣រូបបានផ្តល់ពិន្ទុអោយកូនសិស្សរបស់លោក ធន់ សុភា ឈ្នះ ខណៈ ចៅក្រម២រូបបានផ្តល់អោយខាងថៃឈ្នះ ដូចនេះពិន្ទុមិនឯកច្ឆ័ន្ត ៣ ទល់ ២ បានធ្វើអោយ ធន់ ចាន់តាក់ ឈ្នះខ្សែក្រវាត់កម្ពុជាសង្វៀនកម្ពុជារដូវកាលទី២ អមដោយទឹកប្រាក់ ២៤ លានរៀល (៦០០០ដុល្លារ) ។ ចំណែក រិទ្ធអៃយ៉ារ៉ា ទទួលបានលេខ២ អមដោយទឹកប្រាក់ ១២លានរៀល ។
សូមបញ្ជាក់ថា មុនដល់វគ្គផ្តាច់ព្រ័ត្រ ធន់ ចាន់តាក់ ជាម្ចាស់ជើងឯកក្នុងក្រុមទី១ ដោយបានយកឈ្នះកីឡាករថៃ ភិតណងប៊ី ចំណែក រិទ្ធអៃយ៉ារ៉ា ជាម្ចាស់ជើងឯកក្រុមទី២ ដោយយកឈ្នះ សេក គឹមរួន ៕