
ព្រំ សំណាង ៖ដើម្បីតបស្នង ប៊ូសស្រ្តងនិងអ្នកគាំទ្រគុនខ្មែរ ខ្ញុំប្រឹងហាត់ ប្រឹងប្រកួតកាន់តែខ្លាំង
កីឡាករគុនខ្មែរ ព្រំ សំណាង បានបង្ហើបពីការប្រឡូកក្នុងវិស័យគុនខ្មែរបន្តទៅមុខទៀត បន្ទាប់ពីបានចុះហេត្ថលេខាជាទូតសុឆន្ទៈផ្លូវការរបស់ភេសជ្ជៈប៊ូសស្រ្តង ក្នុងថ្ងៃពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួនដែលបានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុន ប៊ូសស្រ្តង ។
ម្ចាស់មេដាយមាសស៊ីហ្គេម២០២៣ បានបញ្ជាក់ថា ដើម្បីជាការតបស្នងដល់ ប៊ូសស្រ្តង ដែលបានជួយគាត់អោយមានអ្វីគ្រប់យ៉ាងដែលមិនធ្លាប់ស្រមៃ ដូចជា ឡាន , ផ្ទះ និង ថវិកា មួយចំនួន គាត់មានតែតបស្នងដោយការធ្វើជា ទូតសុឆន្ទៈផ្លូវការរបស់ភេសជ្ជៈប៊ូសស្រ្តង ពេញមួយឆ្នាំដោយមិនយកថវិកា និងតាំងចិត្តប្រឹងប្រែងហ្វឹកហាត់ប្រកួតអោយបានល្អដើម្បីអ្នកគាំទ្រគុនខ្មែរបន្តទៀត ។ លោកបន្ថែមថា នេះកម្លាំងចិត្តដែលមិនអាចកាត់ថ្លៃបានសម្រាប់រូបលោកក្នុងនាមជាកីឡាករគុនខ្មែរម្នាក់នេះ ដូចនេះលោកនឹងប្រឹងប្រកួតទាំងក្នុងស្រុកនិងក្រៅស្រុកអោយបានល្អបន្ថែមទៀត ។
ក្រុមហ៊ុន ភេសជ្ជៈប៊ូសស្រ្តង បានឧបត្ថម្ភឡានទំនើបថ្មីមួយគ្រឿងជូនកីឡាករ ព្រំ សំណាង បន្ទាប់ពីចូលរួមប្រកួតកម្មវិធី បីស្ត្រី ហើយបានជូនផ្ទះថ្មីមួយល្វែង បន្ទាប់ពីអ្នកប្រដាល់ទម្ងន់ធ្ងន់ប្រចាំប្រទេសរូបនេះឈ្នះមេដាយមាស ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ រួមទាំងចងដៃក្នុងថ្ងៃឡើងផ្ទះថ្មីចំនួន១ម៉ឺនដុល្លារបន្ថែមទៀត ៕