របួស Marcus Rashford ធ្វើអោយ Man Utd ជួបបញ្ហានៅពេលប៉ះជាមួយ Liverpool នាថ្ងៃអាទិត្យនេះ
(BC-99)
ក្រុមបិសាចក្រហម Manchester United បានកក់កៅអីវគ្គបន្ទាប់ដើម្បីប្រជែងយកជើងឯក FA Cup ២០២០ តែទន្ទឹមគ្នានេះដែរខ្សែប្រយុទ្ធ Marcus Rashford បានទទួលរងរបួសដែលអាចធ្វើអោយ Man Utd ជួបបញ្ហានៅពេលប៉ះជាមួយ Liverpool នារាត្រីថ្ងៃអាទិត្យ១៩មករានេះ។
លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅលិចអណ្តែតរបស់បិសាចក្រហម Manchester United បាននិយាយក្រោយចប់ការប្រកួត FA Cup ជុំទី៣ក្រោយពីក្រុមលោកយកឈ្នះក្រុមចចក Wolves ១-០ ថា លោកមិនអាចមើលដឹងថារបួស Rashford ធ្ងន់ធ្ងរដល់កម្រិតណានោះទេ លោកពិតជាមានការចាំបាច់ក្នុងការដាក់អោយកីឡាកររូបនេះចូលរួមប្រកួតកាលពីយប់ម៉ិញ ហើយវាក៏ពិបាកណាស់ដែរសម្រាប់ការប្រកួតជាមួយហង្សក្រហម Liverpool នាថ្ងៃអាទិត្យនេះបើគ្មានរូបគេ។
កីឡាករជម្រើសជាតិអង់គ្លេសរូបនេះត្រូវបានលោក Ole ដាក់អោយចូលលេងនៅនាទីទី៦៥មុន២នាទីដែល Mata បានស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះទៅលើ Wolves តែដោយសារតែបញ្ហារបួសខ្នងបានធ្វើអោយ Rashford ប្តូរចេញវិញនៅនាទីទី៨០។
គួរបញ្ជាក់ថាកីឡាករខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីអោយក្រុម Manchester United ចំនួន១៩គ្រាប់ហើយពីគ្រប់កម្មវិធីប្រកួតទាំងអស់នៅរដូវកាលនេះ គេនឹងអាចរកគ្រាប់បាល់បញ្ចូលទីបានបន្ថែមទៀតប្រសិនបើគេគ្មានបញ្ហារបួសនិងចូលរួមប្រកួតរហូតដល់ចប់រដូវកាល។