West Ham United ប្រហែលជាសម្រេចចិត្តជ្រើសរើសលោក David Moyes ក្រោយពីបានបណ្តេញលោក Pellegrini ពីមុខតំណែង
(BC-99)
ក្រុមញញួរធំ West Ham United បានបណ្តេញលោក Manuel Pellegrini ពីមុខតំណែងជាអ្នកចាត់ការទូទៅរបស់ខ្លួនហើយនៅក្រោយពេលដែលក្រុមរបស់លោកបានទទួលរងបរាជ័យដោយក្រុមភ្ញៀវ Leicester City ២-១ កាលពីយប់ថ្ងៃសៅរ៍កន្លងមកនេះ។
ការចាញ់២ប្រកួតជាប់គ្នាចុងក្រោយនេះនៅក្របខណ្ឌ Premier League បានបណ្តាលអោយក្រុមញញួរធំ West Ham United ធ្លាក់មកកាន់តែកៀកតំបន់គ្រោះថ្នាក់នៅសប្តាហ៍ទី២០ ដោយឋិតនៅលើចំណាត់ថ្នាក់លេខ១៧មាន១៩ពិន្ទុ ខុសគ្នាតែមួយពិន្ទុតែប៉ុណ្ណោះពីក្រុម Aston Villa ដែលឋិតក្នុងតំបន់កាត់ចេញនៃលេខរៀងទី១៨។ ហើយនេះគឺជាមូលហេតុមួយដែលនាំអោយមានការបណ្តេញលោក Manuel Pellegrini ចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្លិបបាល់ទាត់ West Ham United តែម្តង។
អ្នកចាត់ការទូទៅសញ្ជាតិ ស៊ីលី រូបនេះត្រូវបានក្រុមញញួរធំផ្តល់កិច្ចសន្យាមកធ្វើជាអ្នកចាត់ការទូទៅកាលពីរដូវកាលមុនដោយបានដឹកនាំក្រុម West Ham United ចំនួន៥៩ប្រកួត រកបានជ័យជម្នះ២៣ដងស្មើ១១ដងតែចាញ់ដល់ទៅ២៥ដង ដែលនេះគឺជាកំណត់ត្រាមួយដែលគណកម្មាធិការក្លិបមួយនេះមិនអាចទទួលយកបាន។
បើតាមការអោយដឹងពីសារព័ត៌មានមួយចំនួននៅចក្រភពអង់គ្លេសបានអោយដឹងថា ក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅរាជធានី London មួយនេះកំពុងតែទាក់ទងយកលោក David Moyes មកដឹកនាំសារជាថ្មីក្រោយពីពួកគេធ្លាប់សហការណ៍ចាប់ដៃគ្នានាអំឡុងឆ្នាំ ២០១៧-២០១៨ ម្តងរួចមកហើយដែរ។ តែទោះជាយ៉ាងនេះក៏ដោយចុះក៏គេមិនទាន់ឃើញគេហទំព័រផ្លូវការណ៍របស់ West Ham United បានចុះផ្សាយព័ត៌មានទាក់ទងទៅនឹងអ្នកចាត់ការថ្មីរូបណាឡើយ។