Mourinho សរសើរកីឡាករ Man Utd ដែលជាគូប្រជែងខណៈដែលលោក Klopp សរសើរក្រុមខ្លួនឯងក្រោយយកឈ្នះលើ Everton
(BC-99)
វត្តមានជាថ្មីលើទឹកដី Old Trafford មិនបានធ្វើអោយគ្រូបង្វឹកថ្មី Tottenham Hot Spur Jose Mourinho ជួបប្រទះនូវអ្វីដែលលោកចង់បាននោះឡើយក្រោយពីចាញ់ក្រុម Man Utd ដែលខ្លួនធ្លាប់បានគ្រប់គ្រងដោយលទ្ធផល ២-១ លោកក៏បានបោះសម្តីសរសើរដល់កីឡាករមួយរូបរបស់ បិសាចក្រហម ភ្លាម។
ជាការពិតណាស់មុននឹងត្រឡប់មកកាន់ទីនេះ លោក Mourinho បានជួយអោយមាន់ខ្នាយមាសឈ្នះពីរប្រកួតជាប់គ្នានៅ Premier League ដោយលទ្ធផល ៣-២ លើក្រុម Bournemouth និង West Ham United ដែលជាការជួយស្រោចស្រង់អោយ Spurs ងើបចេញពីចំណាត់ថ្នាក់លេខ១៤មកកាន់ចំណាត់ថ្នាក់លេខ៥វិញ។ ២គ្រាប់របស់ខ្សែប្រយុទ្ធ Marcus Rashford បានជួយអោយក្រុមបិសាចក្រហម Manchester United ទទួលបាន៣ពិន្ទុនៅសប្តាហ៍ប្រកួតទី១៥នេះហើយក៏ជាការរុញទម្លាក់អោយក្រុមរបស់លោក Mourinho ធ្លាក់មកចំណាត់ថ្នាក់មកលេខរៀងទី៨វិញផងដែរ។
ក្រោយពីចប់ការប្រកួតបុរសដែលមានរហស្សនាម Special One បាននិយាយអោយដឹងថា លោកពិតជាមានក្តីរីករាយណាស់ដែលបានឃើញភាពរីកចម្រើនរបស់ Marcus Rashford ។ លោកបាននិយាយបន្ថែមទៀតថា នេះគឺជាអ្វីដែលលោកបានបន្សល់ទុកអោយកីឡាកររូបនេះនាអំឡុងពេលដែលលោកនៅគ្រប់គ្រងក្រុម Man Utd ពោលគឺបង្វឹកអោយរូបគេក្លាយជាខ្សែប្រយុទ្ធស្លាបខាងឆ្វេង។
សប្តាហ៍ទី១៥ដែលត្រូវបានគេយកមកប្រកួតនៅថ្ងៃអង្គារ-ពុធ-ព្រហស្បតិ៍នេះដែរ ក្រុមហង្សក្រហម Liverpool របស់លោក Jurgen Klopp ក៏បានបើកទ្វារផ្ទះរបស់ខ្លួនទទួលភ្ញៀវ Everton ដែលគេហៅថាជាការប៉ះគ្នានាតំបន់ Merseyside ផងដែរ។ ការប៉ះប្រកួតគ្នាដែលចំណាយពេលពេញ៩០នាទីបានបញ្ចប់ដោយលទ្ធផលស៊ុតបញ្ចូលទីសរុបចំនួន៧គ្រាប់។
គិតមកដល់ពេលនេះ Liverpool នៅមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេក្រោយពីប្រកួតឈ្នះ Everton ដោយលទ្ធផល ៥-២។ ក្រៅពីកីឡាករដែលធ្លាប់តែនៅកៅអីបម្រុង Origi ដែលស៊ុតបាល់បញ្ចូលទី២គ្រាប់តែម្នាក់ឯង ក៏មានការចូលរួមស៊ុតម្នាក់មួយគ្រាប់ផងដែរពី Shaqiri, Mane និង Wijnaldum។ ជ័យជម្នះនាពេលនេះដែរបានធ្វើអោយ Liverpool នៅតែបន្តលើកំពូលតារាងនិងឃ្លាត៨ពិន្ទុពីក្រុមលេខ២ Leicester City។
រីឯលោក Jurgen Klopp ក៏បានធ្វើការកោតសរសើរផងដែរដល់ក្រុមកីឡាកររបស់ខ្លួនដែលជានិច្ចជាកាលតែងតែខិតខំប្រកួតដោយមិនគិតពីភាពនឿយហត់។ លោកមានការជឿជាក់ថា ហង្សក្រហម Liverpool នឹងសម្រេចបាននូវសមិទ្ធិផលធំៗដែលខ្លួនប៉ុនប៉ងនារដូវកាលនេះជាក់ជាមិនខាន។