
David Beckham បង្ហើបពីការចង់ដឹកនាំក្រុមតោកំណាចអង់គ្លេស
Super Star បាល់ទាត់ David Beckham បានបង្ហើបថា ការងារជាអ្នកដឹកនាំក្រុមជំរើសជាតិតោកំណាចអង់គ្លេសគឺជាការងារដែលលោកសុបិន្តចង់បានបំផុត។
អតីតកីឡាកររបស់បិសាចក្រហមដ៏ល្បីល្បាញ ធ្លាប់ជាប្រធានក្រុមរបស់តោកំណាច ៥៨លើក ក្នុងការបង្ហាញខ្លួនសរុបនៅលើទីលានចំនួន ១១៥ប្រកួត។
តាំងពីបញ្ចប់អាជីពក្នុងឆ្នាំ ២០១៣មក អតីតកីឡាកររបស់ស្តេចស Real Madrid រូបនេះមិនដែលចូលដឹកនាំក្រុមណាមួយឡើយ ប៉ុន្តែគាត់បានចំណាយលុយវាល់លាននិងពេលវេលាច្រើនជាមួយការវិនិយោគបង្កើតក្រុមបាល់ទាត់ Inter Miami នៅលើទឹកដីសហរដ្ឋអាមេរិក។
អ្នកជំនួញវ័យ ៤៤ឆ្នាំរូបនេះបាននិយាយថា “ការដឹកនាំក្រុមជំរើសជាតិអង់គ្លេសជាចំណង់របស់កីឡាករអង់គ្លេសគ្រប់រូប សូម្បីខ្លួនឯងផ្ទាល់ក៏ចង់ដឹកនាំជំរើសជាតិដែរ ប៉ុន្តែមិនដឹងថាធ្វើទៅវាទទួលបានលទ្ធផលល្អរឺអត់” ។ យ៉ាងណាមើលទៅ វាដូចជាមានសំពាធសំរាប់ Beckham ក្នុងការព្យាយាមយកតំណែងជាគ្រូបង្វឹកក្រុមជំរើសជាតិអង់គ្លេស។
និយាយដល់ការដឹកនាំក្រុមជំរើសជាតិនេះ Beckham បានសរសើរដល់ការដឹកនាំរបស់គ្រូបង្វឹកបច្ចុប្បន្ន Gareth Southgate ដែលកំពុងធ្វើអោយតោកំណាចកាចសារជាថ្មីម្តងទៀតជាមួយទំរង់ប្រយុទ្ធដែលមានថាមពលពីការលេងរបស់យុវជនជំនាន់ក្រោយ ដូច្នេះអតីតកីឡាកររបស់ PSG សប្បាយចិត្តនឹងការគាំទ្រការដឹកនាំរបស់លោក G.Southgate ដូចនិងប្រិយមិត្តអង់គ្លេសជាច្រើនទៀតដែរ។
ក្រោមការដឹងកនាំរបស់លោក Gareth Southgate តោកំណាចអង់គ្លេសបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០ សំរាប់ព្រឹត្តិការណ៏ FIFA World Cup ២០១៨កន្លងទៅក្នុងទីក្រុង Moscow ប្រទេសរុស្សី ប៉ុន្តែភ្លាត់ចាញ់ Croatia ២-១នៅម៉ោងបន្ថែម។
អង់គ្លេសនិងមានភារៈកិច្ចប្រកួតជំរុះ EURO ២០២០ ដោយត្រូវជួបជាមួយ Bulgaria និង Kosovo នៅក្នុងខែកញ្ញានេះ៕