
សួន សុវណ្ណ ៖ ក្តីស្រមៃដូចជាលឿនណាស់ដែលអាចជាប់ជម្រើសជាតិក្នុងបញ្ជីចុងក្រោយ
ក្រោយចូលរួមជាមួយក្លិបអាជីពព្រះខ័នរាជស្វាយរៀងបានពីរឆ្នាំខ្សែបម្រើ សួន សុវណ្ណ ត្រូវបានកោះហៅចូល ក្រុមជម្រើសជាតិកម្ពុជាជាលើកដំបូងក្នុងចំណោមកីឡាករ៣៥នាក់ ហើយរូបគេបានបន្តជាប់ក្នុងបញ្ជីចុងក្រោយជាលើកដំបូងក្នុងអាជីពសម្រប់ត្រៀមប៉ះជម្រើសជាតិ ហុងកុង នាថ្ងៃទី ៥ កញ្ញា នេះ ។
កីឡាករដើមកំណើតខេត្តស្ទឹងត្រែងរូបនេះបានប្រាប់ MSR SPORT ថា ៖ ខ្ញុំពិតជារីករាយខ្លាំងមែនទែនដែលបានជាប់ក្នុងបញ្ជីចុងក្រោយ ព្រោះខ្ញុំទេីបតែជាប់ក្នុងការកោះហៅលេីកដំបូងមិននឹកស្មានថាបានជាប់មកដល់ពេលនេះនោះទេ ។ អតីតកីឡាករវេស្ទើនភ្នំពេញបន្ថែមទៀតថា វាជាក្តីស្រមៃសំរាប់ខ្ញុំដែលចង់ជាប់ជម្រើសជាតិ ប៉ុន្តែខ្ញុំគិតថាវាដូចជាលឿនពេកព្រោះទេីបតែលេងអាជីពបានពីរឆ្នាំកន្លះប៉ុណ្ណោះ ដូចនេះខ្ញុំនឹងប្រឹងប្រែងបន្តទៀត ។
សូមបញ្ជាក់ថា សហព័ន្ធបាល់ទាត់កម្ពុជាក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda បានបញ្ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិចុងក្រោយក្រោយប្រមូលផ្តុំហ្វឹកហាត់ប៉ុន្មានថ្ងៃរួចមកដើម្បីត្រៀមប្រកួតជាមួយ ហុងកុង នាថ្ងៃទី ៥ កញ្ញា នាពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ៕