Messi អាចនឹងចូលលេងក្នុងប្រកួតដំបូងរបស់ខ្លួននៅ PSG ថ្ងៃទី២៩ ខែសីហា
អ្នកគាំទ្រពិតជាអន្ទះសារចង់ឃើញការចូលលេងរបស់ Lionel Messi លើកដំបូងនៅ Paris Saint Germain ក្នុងការប្រកួតក្របខណ្ឌកំពូលបារាំង។
បើតាមសារព័ត៌មាន Sky Sports ខ្សែប្រយុទ្ធអាហ្សង់ទីនខាងលើនឹងចូលលេងប្រកួតដំបូងនៅថ្ងៃទី២៩ ខែសីហា ដែល PSG នឹងទៅផ្ទះរបស់ Reims។
អតីតតារាឆ្នើម FC Barcelona ទើបហាត់បាន៣ដងប៉ុណ្ណោះក្រោយចូលរួមជាមួយ PSG។ កីឡាករវ័យ៣៤ឆ្នាំប្រឹងហាត់យ៉ាងខ្លាំងដើម្បីរក្សា fitness របស់ខ្លួនទៅតាមគ្រូប្រាប់។
Messi ពុំមានការប្រកួតមិត្តភាពកម្ដៅសាច់ដុំកម្រិតក្លិបទេ ព្រោះគេត្រូវហោះទៅ Barcelona ក្រោយចប់យុទ្ធនាការ Copa America ជាមួយអាហ្សង់ទីន និងបានសម្រាកតិចតួចប៉ុណ្ណោះ។
ពេលការចរចាជាមួយ Barcelona បរាជ័យ Messi បានចំណាយពេលនិយាយជាមួយ PSG ថែមទៀតរឿងចុះកុងត្រា។
ដូច្នេះក្នុងការប្រកួត Ligue 1 សប្ដាហ៍ទី៣ តទល់ Brest ម្ចាស់ពាន Ballon d’Or ៦គ្រឿងទំនងមិនទាន់បានលេងទេ។
លោក Mauricio Pochettino បានទទូចទៅកាន់អ្នកគាំទ្របន្តអត់ធ្មត់ ព្រោះ Messi បានហាត់តិចតួច ហើយគេនឹងចូលលេងពេល fitness របស់គេល្អវិញ៕