មានតែ សុខហ៊ុច ម្នាក់គត់ដែលធ្លាប់ឈ្នះ ណាត់តាផុន ចុះប៉ះគ្នាលើកនេះ?
អ្នកប្រដាល់របស់ប្រទេសថៃ ណាត់តាផុន បានមកប្រកួតស្រុកខ្មែរច្រើនលើករួចមកហើយ និងបានខ្សែក្រវាត់ទៀតផង ប៉ុន្តែមានតែកីឡាករខ្មែរម្នាក់គត់ដែលអាចយកឈ្នះគេបានគឺ មឿន សុខហ៊ុច ខណៈពួកគេទាំងពីរនាក់នឹងជួបគ្នាជាលើកទី៣ នាថ្ងៃ សៅរ៍ ទី ៩ ខែវិច្ឆិកា នេះក្នុងការប្រកួតដណ្តើមខ្សែក្រវាត់គោជល់ដែលមានប្រាក់រង្វាន់៤ពាន់ដុល្លារ ។ មុនឈានដល់វគ្គនេះ មឿន សុខហ៊ុច បានយកឈ្នះពិន្ទុកីឡាករថៃ យ៉តទួនថង ខណៈ ណាត់តាផុន បានយកឈ្នះ ឡុង សំណាង ដោយគ្រូពេទ្យបញ្ឃប់ក្នុងទឹកទី៣ដោយសាររបួស ។
អ្នកប្រដាល់មកពីខេត្តរ៉យអេត មកប្រកួតនៅកម្ពុជាក្នុងកម្មវិធីខ្សែក្រវាត់គោជល់វគ្គ៣មិនដែលចាញ់រហូតក្លាយជាម្ចាស់ខ្សែក្រវាត់ដោយគ្រានោះគេបានយកឈ្នះ ជា សំនៀង , អ៊ុំ ចំរើន , ចាន់ ប៊ុនលាភ និង មិន សិលា ស្របពេលវគ្គពាក់កណ្តាលផ្តា់ច់ព្រ័ត្របានយកឈ្នះកីឡាករឡាវ អ៊ូរ៉ូណូ និងវគ្គផ្តាច់ព្រ័ត្រឈ្នះ យ៉តឃុនផុន ។ ក្រោយឈ្នះខ្សែក្រវាត់នោះរូបគេបានប្រកួតមិត្តភាពអន្តរជាតិជាមួយ មឿន សុខហ៊ុច នៅក្រុងប៉ោយប៉ែត ដោយបានចាញ់ពិន្ទុ ហើយក៏បាត់មុខរយៈពេលប្រហែល៣ឆ្នាំ ក៏វិលមកសង្វៀនវិញដោយឈ្នះ ផាន់ គ្រាន់ ២ដង, ឡុង សំណាង ២ដង, ឈាន ហុង និង ឈឿន ឆៃដែន ហើយបានចាញ់ពិន្ទុ មឿន សុខហ៊ុច ម្តងទៀត ។
ការប្រកួតរវាង មឿន សុខហ៊ុច និង ណាត់តាផុន លើកទី៣នេះអ្នកឈ្នះទទួលបានខ្សែក្រវាត់ អបដោយប្រាក់រង្វាន់ ៤ពាន់ដុល្លារ ដោយការប្រកួតធ្វើឡើងនៅវេលាម៉ោង ៦ ល្ងាចនាសង្វៀន CNC ឬស្សីកែវ ៕