ស៊ឹម ប៊ុនស្រន់ ចេញទៅហាត់នៅថៃ១០ថ្ងៃមុនឡើងប្រកួតគុនខ្មែរនៅទីនោះ
អ្នកលេងគុនចម្រុះ ស៊ឹម ប៊ុនស្រន់ នឹងធ្វើការប្រកួតលក្ខណៈសេរីនៅទឹកដីប្រទេសថៃ នៅដើមខែធ្នូ ឆ្នាំ២០១៨ នេះ ខណៈរូបគេនឹងចេញដំណើរទៅហាត់នៅប្រទេសថៃរយៈពេល១០ថ្ងៃមុនឡើងប្រកួតជាមួយម្ចាស់ផ្ទះនៅទីនោះតែម្តង ។
នេះជាការវិលមកវិញរបស់អ្នកប្រដាល់ MMA រូបនេះក្រោយរូបគេបាត់មុខមួយរយៈស្របពេលការប្រកួតសេរីអ្នកប្រដាល់ខេត្តកំពង់ចាមរូបនេះធ្លាប់ប្រកួតបានត្រឹម៣ដងតែប៉ុណ្ណោះក្នុងអាជីពរបស់គេ ។
ម្ចាស់ខ្សែក្រវាត់ KWC រូបនេះលើកឡើងថា ដោយសារចិត្តស្រឡាញ់នៅតែមិនអស់ចិត្តចំពោះវិស័យ គុនខ្មែរ ហើយក៏សាកល្បងប្រកួតលក្ខណៈសេរីដើម្បីចង់ដឹងពីសមត្ថភាពខ្លួន ពីព្រោះការប្រកួតក្នុង ទ្រុងយូរៗទើបបានឡើងប្រកួតម្តង ។
រូបគេបន្តថា ការហាត់គុនខ្មែរត្រៀមជាច្រើនខែរួចមកហើយនៅក្លិបប្រដាល់ Cambodian Top Team ហើយនៅថ្ងៃទី ២៩ នេះរូបគេនឹងចេញទៅហាត់នៅថៃបន្ថែមទៀតដើម្បីអោយដឹងពីក្បាច់មួយចំនួន រឺ របៀបនៃការប្រកួតផ្សេងៗដើម្បីជាការត្រៀមខ្លួនអោយបានល្អមុនឡើងប្រកួតនៅទីនោះនៅថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៨ ក្នុងកម្មវិធី SuperChamp លើប្រភេទទម្ងន់ ៥៧គីឡូក្រាម ។
សូមបញ្ជាក់ថា ស៊ឹម ប៊ុនស្រន់ ដែលជាអ្នកប្រដាល់គុនចម្រុះដែលមានបទពិសោធប្រកួតច្រើនទាំងក្នុង ប្រទេស និងក្រៅប្រទេស ខណៈការប្រកួតគុនខ្មែររូបគេឆ្លងកាត់បាន៣ដងតែប៉ុណ្ណោះដោយឈ្នះ ២ និងចាញ់១ ហើយបានសម្រាកអស់រយៈជាយូរមកហើយ ៕