ថ្ងៃនេះ ចាន់ រតនា ចេញទៅប្រកួត One Championship ដោយត្រូវធ្វើតេស្តកូវីដ១៩ ចំនួន៤ដង
ជើងខ្លាំងរបស់កម្ពុជា ចាន់ រតនា បានចេញដំណើរឆ្ពោះទៅកាន់ប្រទេស សិង្ហបុរី ហើយនៅថ្ងៃនេះដើម្បីត្រៀមចូលរួមប្រកួតនៅថ្ងៃ សុក្រ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ នាប្រទេសសិង្ហបុរី ក្នុងព្រឹត្តិការណ៍ One Championship Collision Course សង្វៀន Indoor Stadium គូទី២ ចាប់ពីម៉ោង ៧:៣០ នាទីយប់ ដោយត្រូវប្រកួតជាមួយកីឡាករ ចិន ។
អ្នកប្រយុទ្ធរបស់កម្ពុជា បានបញ្ជាក់ថា ការចេញទៅមុនច្រើនថ្ងៃដូចនេះដោយសារខាងកម្មវិធីត្រូវធ្វើការច្រើនលើបញ្ហាកូវីដ១៩ ដែលត្រូវតាមដានសម្រាប់កីឡាករដែលត្រូវទៅប្រកួត ហើយសម្រាប់ ចាន់ រតនា មុនចេញទៅប្រកួតត្រូវធ្វើតេស្ថរកកូវីដ១៩ ម្តងនៅកម្ពុជា ទៅដល់ប្រទេស សិង្ហបុរីត្រូវធ្វើតេស្ថម្តងទៀត ពេលប្រកួតហើយត្រូវធ្វើតេស្ថសារជាថ្មី និងមកដល់កម្ពុជាវិញ ត្រូវធ្វើតេស្ថម្តងទៀត ដោយសរុប៤ដង រួមទាំងការធ្វើចត្តាឡីស័ក ផងដែរ ។ សម្រាប់ការធ្វើតេស្ថលើកទី១ អ្នកប្រយុទ្ធ MMA រូបនេះមិនមានបញ្ហាអ្វីនោះទេ ហើយសម្រាប់ការត្រៀមខ្លួនគឺបានរួចរាល់អស់ហើយ ដោយបេ្តជ្ញាថាយកជ័យជម្នះជូនប្រជាជនកម្ពុជាអោយបានសម្រាប់ការប្រកួតនេះ ។
គូប្រកួតរបស់កីឡាករ ចាន់ រតនា គឺកីឡាករចិន Xie Wei មានរហ័សនាមថា The Hunter ចូលប្រឡូកនៅសង្វៀន One Championship នៅក្នុងឆ្នាំ ២០១៩ ដោយពេញ១ឆ្នាំ ២០១៩ រូបគេបានចេញប្រកួតចំនួន៥ដង មិនចាញ់សោះ ក្នុងនោះផ្តួលដៃគូប្រកួតមិនចប់ទឹកទាំង៥ប្រកួត ។
សម្រាប់ការប្រកួតក្នុងឆ្នាំ ២០២០ កីឡាករវ័យ ២៤ ឆ្នាំរូបនេះទើបចេញប្រកួតបាន១ប្រកួតតែប៉ុណ្ណោះ ដោយចាញ់ពិន្ទុកីឡាករ DANNY KINGAD ដែលជាជើងខ្លាំងរបស់ហ្វីលីភីន នៅព្រឹត្តិការណ៍ One Championship នាទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីន ។
ចំណែក ចាន់ រតនា ដែលជាអ្នកប្រយុទ្ធរបស់កម្ពុជាវិញមានប្រវត្តិប្រកួតនៅព្រឹត្តិការណ៍ One Championship ចំនួន ៩ ដង ដោយក្នុងនោះឈ្នះ ៦ ដង និងចាញ់ ៣ ដង ខណៈការប្រកួត ៣ដង ចុងក្រោយមិនទាន់ចាញ់នោះទេ ដោយឈ្នះ កីឡាករ Abrou Fernandes និង Rudy Agustian ក្នុងទឹកទី២ ខណៈចុងក្រោយឈ្នះពិន្ទុកីឡាករគុយបា Gustavo Balart ដោយពិន្ទុ នៅទីក្រុង បាងកក ប្រទេសថៃ ៕