ប្តូរឈ្មោះក្លឹបថ្មីភ្លាម កូនសិស្សរបស់លោក ស៊ន អេលីត ដណ្តើមខ្សែក្រវាត់បាន១ភ្លែត
នេះអាចចាត់ទុកថារាសីឡើងក៏ថាបាន ព្រោះថាក្លឹបប្រដាល់របស់លោកគ្រូ ស៊ន អេលីត ទើបតែប្តូរពីឈ្មោះក្លឹបឆ្មាសសែនសុខគុនខ្មែរ ទៅឈ្មោះក្លឹបថ្មី បែនកាក់គុនខ្មែរ ស្រាប់តែកូនសិស្សរបស់លោក អេលីត ចំរើន អាចយកខ្សែក្រវ៉ាត់មួយគ្រឿងភ្លាមយកមកដាក់តាំងក្នុងក្លឹបបានតែម្តង។
គួរបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ អេលីត ចំរើន បានប្រកូតឈ្នះកីឡាករគុនខ្មែរដូចគ្នា ម៉ន សាម៉េត ក្នុងកម្មវិធីដណ្តើមជើងឯកខ្សែក្រវ៉ាត់ Khmer Inter Champion (KIC) ដែលរៀបចំឡើងដោយ ONE TV លើប្រភេទទំងន់៥៧គីឡូក្រាម។ ជាមួយគ្នានេះក្លឹបប្រដាល់របស់លោក ស៊ន អេលីត ចាប់តាំងពីបើកបង្ហាត់បង្រៀនជាង២ឆ្នាំកន្លងមកនេះ កូនសិស្សរបស់លោកអាចយកខ្សែក្រវ៉ាត់២គ្រឿងមកដាក់តាំងក្នុងក្លឹបបានហើយ ទី១គឺកីឡាករ សុខ សាវិន មានខ្សែក្រវ៉ាត់ប្រាក់ពី PNN ហើយ អេលីត ចំរើន គឺជាកូនសិស្សទី២របស់ក្លឹប ដែលអាចយកខ្សែក្រវ៉ាត់ថ្មីស្រឡាង១គ្រឿងទៀតពី ONE TV៕