
សំអឿន ពិដោ ជាកីឡាករ ព្រះខ័នរាជស្វាយរៀង ទី៣ដែលផ្លាស់ទៅ ណាហ្គាវើល
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រកាសថាកីឡាករ សំអឿន ពិដោ បានផ្លាស់ទៅចូលរួមជាមួយនឹងក្លិបបាល់ទាត់ណាហ្គាវើល ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាលក្រោយឆ្នាំ ២០២១ ។ សំអឿន ពិដោរ ជាយុវជនបណ្តុះបណ្តាលចេញពីក្លិប ព្រះខ័នរាជស្វាយរៀង នេះតែម្តងចាប់តាំងពីឆ្នាំ ២០១៣ មក ប៉ុន្តែពីររដូវកាលចុងក្រោយនេះរូបគេមិនសូវមានឱកាសបង្ហាញខ្លួននោះទេ ដោយសារជួបបញ្ហារបួសជង្គង់ ដែលបានវះកាត់កន្លងទៅនាឆ្នាំ ២០១៨ ។ សូមបញ្ជាក់ថា សំអឿន ពិដោរ ជាកីឡាករចាស់វស្សារបស់ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង ទី៣ហើយ ដែលទៅចូលរួមជាមួយក្លិបលោក មាស ចាន់ណា បន្ទាប់ពី នុប តុលា និង នេន សុធារដ្ឋ ដែលត្រូវបានក្លិប ព្រះខ័នរាជស្វាយរៀង បានប្រកាសចាកចេញទៅក្លិប ណាហ្គាវើល រួចរាល់ផងដែរនៅរដូវកាលនេះ ៕