
Wolves ចង់ផ្ទេរ Hulk ក្រោយចេញពីលីគកំពូលចិន
Football Insider ឲ្យដឹងថា Wolverhampton បានសម្លឹងឃើញឱកាសផ្ទេរយកខ្សែប្រយុទ្ធមាឌធំ Hulk អំឡុងទីផ្សារដោះដូរនៅខែមករា ឆ្នាំ២០២១ ខាងមុខ។
កីឡាករប្រេស៊ីលខាងលើទើបចែកផ្លូវគ្នាជាមួយក្លិបកំពូលចិន Shanghai SIPG ប៉ុន្មានថ្ងៃមុននេះដែលជារឿងដ៏ល្អសម្រាប់ក្រុមនៅ Premier League ឈានទៅឆក់យកដោយឥតគិតថ្លៃ។
អ្នកចាត់ការ Wolves លោក Nuno Santo ពេញចិត្តយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ Hulk និងចង់យកគេទៅ Molineux Stadium ដើម្បីជំនួស Raul Jimenez ដែលមានរបួសប្រេះលលាដ៍ក្បាល។
Hulk បានចំណាយពេលនៅអឺរ៉ុបច្រើនឆ្នាំជាមួយ FC Porto និង Zenit St. Petersburg។ រដូវកាលល្អបំផុតរបស់គេគឺនៅ២០១០/២០១១ ដែលរកបាន៣៥គ្រាប់ពីការប្រកួត៥៣លើក រួមចំណែកឈ្នះជើងឯក៣កម្មវិធីផ្សេងគ្នានៅ FC Porto ពោលគឺក្របខណ្ឌកំពូល, Cup និង Europa League។
ឆ្នាំ២០១៦ គេបានផ្លាស់ទៅចិន ដោយលេងឲ្យ Shanghai SIPG ១៣៥ប្រកួត រកបាន៧៤គ្រាប់ និងឈ្នះជើងឯក Chinese Super League ឆ្នាំ២០១៨។
ទោះមានវ័៍យ៣៤ឆ្នាំទៅហើយក្ដី Hulk នៅតែស្ថិតក្នុងស្ថានភាពពេញលេញមួយ ហើយក៏ជាដំណឹងល្អសម្រាប់អ្នកគាំទ្រ Wolves។ ពួកគេចង់ឃើញ Hulk លេងជាមួយ Adama Traore ដែលមានកាយសម្បទាអំណោយផលដូចគ្នា។
Globo រាយការណ៍ថា ប្រពន្ធរបស់ Hulk គឺនាង Camila Angelo ក៏ចង់ឲ្យប្ដីខ្លួនទៅលេងនៅ Premier League ដែរ៕