U23 វៀតណាមមានកីឡាករគ្រប់អប្បរមា១៤នាក់សម្រាប់ជំនួបទីម័រខាងកើត
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំមានកីឡាករគ្រប់ចំនួន១៤នាក់សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U23 Championship 2022 តទល់ទីម័រខាងកើត នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ នេះ។
កីឡាករដែលបានតេស្ដឃើញកូវីដ១៩ជាច្រើននាក់មិនទាន់ជាសះស្បើយនៅឡើយទេ ដោយនៅតែឃើញវិជ្ជមាននៅឡើយ។ ពួកគេទាំងនោះមិនមានស្ថានភាពធ្ងន់ធ្ងរទេ ដោយមានសុខភាពល្អ និងបន្តការហ្វឹកហាត់ក្នុងបន្ទប់។
កីឡាករដែលតេស្ដអវិជ្ជមាន មានតែ១០នាក់ប៉ុណ្ណោះ ហើយវៀតណាមបានកោះហៅកីឡាករ៤នាក់ទៀតពីប្រទេសខ្លួនមកជួយក្រុមនៅកម្ពុជា។អ្នកទាំង៤មាន អ្នកចាំទី Tran Liem Dieu (Nam Dinh Club), ខ្សែការពារ Doan Anh Viet (Saigon Club), ខ្សែការពារ Ho Khac Luong (SLNA) និងខ្សែប្រយុទ្ធ Vo Nguyen Hoang (Pho Hien)។
ដើម្បីការប្រកួតអាចដំណើរការបាន គណៈកម្មការរៀបចំការប្រកួតបានកំណត់ក្រុមនីមួយៗមានកីឡាករតិចបំផុត១៤នាក់។
ការប្រកួតរវាងក្រុម U23 វៀតណាម និង U23 ទីម័រខាងកើតនឹងធ្វើឡើងនៅម៉ោង៧និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ នេះ។ ចំណែក U23 ឡាវ និង U23 ថៃ ប្រកួតម៉ោង៤ល្ងាច នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដូចគ្នា៕