លោក Sarri ប្តេជ្ញាធ្វើរឿងមួយ ដើម្បីពង្រឹង Chelsea
បន្ទាប់ពីទទួលបាន ៣ពិន្ទុ ពីជ័យជម្នះលើ Arsenal យ៉ាងលំបាកលំបិនក្នុងទឹកដី កាលពីថ្ងៃសៅរ៍ គ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Maurizio Sarri បានប្តេជ្ញាថា លោកនឹងប្តេជ្ញាឈប់ជក់បារី។ ការពិតទៅលោក Sarri ជាមនុស្សម្នាក់ ដែលញៀនបារីជាខ្លាំង ហើយកាលនៅដឹកនាំ Napoli ក្នុងប្រទេសអ៊ីតាលី គេតែងតែឃើញគាត់ជក់បារីជាប្រចាំ។
ថ្លែងក្រោយការប្រកួតចប់ លោក Sarri បានបញ្ជាក់ថា លោកជក់បារី ក៏ព្រោះតែលោក Stress ពេក ហើយជាទូទៅលោកគឺតែងតែជក់នៅអំឡុង ១៥នាទី មុនចប់ការប្រកួត ឬ ទើបតែចាប់ផ្តើមការប្រកួត។ កាលពីថ្ងៃសៅរ៍ លោក Sarri ប៊ិះនឹងយកកញ្ចប់បារីមកជក់ទៅហើយ នៅនាទីទី ៧៥ ពេល Chelsea ទទួលបានត្រឹម ២ស្មើ ជាមួយ Arsenal ប៉ុន្តែក្រោយពីមានគ្រាប់បាល់ លោកក៏ផ្អាកបំណងនេះវិញ។
លោក Sarri បញ្ជាក់ថា លោកនឹងព្យាយាមមិនជក់ ក្នុងអំឡុងពេល ៩០នាទីនៃការប្រកួត ហើយបើលោកធ្វើបាន នោះលោកអាចផ្តាច់បារីដាច់តែម្តង។ លោក Sarri អះអាងថា លោកចង់ឲ្យកីឡាករ Chelsea មានទំនុកចិត្តជាមួយលោក ទាំងបច្ចេកទេស និងអត្តចរិត ដូច្នេះនេះជាប្រការដំបូង ដែលលោកចង់ពង្រឹងទម្រង់លេងរបស់ Chelsea៕