
Man UTD ឲ្យ Lindelof សម្រាកមើលថែប្រពន្ធកូន ក្រោយជួបហេតុការណ៍ចោរគាស់ផ្ទះ
Manchester United បានអនុញ្ញាតឲ្យ Victor Lindelof បានសម្រាកពីការប្រកួតតទល់ West Ham ដើម្បីយកពេលផ្ដល់កម្លាំងចិត្តដល់ប្រពន្ធ និងកូនៗ ដែលមិនទាន់បាត់ភាពភ័យខ្លាចពីហេតុការណ៍ចោរគាស់ផ្ទះ។
ក្នុងការប្រកួតតទល់ Brentford កាលថ្ងៃទី២០ ខែមករា មានហេតុការណ៍ចោរចូលគាស់ផ្ទះ Lindelof នៅ Manchester។ នាពេលនោះ Lindelof កំពុងប្រកួត ហើយប្រពន្ធ និងកូនៗរបស់គេនៅផ្ទះ។ គេថា ប្រពន្ធ និងកូនៗត្រូវសំងំក្នុងបន្ទប់ពេលចោរកំពុងធ្វើសកម្មភាព។
ខ្សែការពារជម្រើសជាតិស៊ុយអែតប្រាប់ថា ប្រពន្ធ និងកូនៗរបស់គេមិនអីទេ តែនៅមានអារម្មណ៍ភ័យខ្លាច មិនទាន់បាត់។
លោក Ralf Rangnick អ្នកចាត់ការ Manchester United ឲ្យដឹងថា លោកបានពិភាក្សាជាមួយ Lindelof រួចរាល់ហើយ ហើយគេទទួលបានការអនុញ្ញាតពិសេសពីក្លិប ព្រោះគ្រួសាររបស់គេពិតជាត្រូវការនៅក្បែរយ៉ាងខ្លាំង៕