នាយករដ្ឋមន្ត្រីអង់គ្លេស កំពុងបារម្ភពីសុវត្ថិភាពពលរដ្ឋខ្លួន ពេលទៅមើលបាល់នៅរុស្ស៊ី
លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។
ការប្រកួតបាល់ទាត់ពិភពលោក World Cup 2018 ជិតឈានចូលមកដល់ហើយ! នៅខណៈនេះ នាយករដ្ឋមន្ត្រីអង់គ្លេស កំពុងតែសម្តែងក្តីព្រួយបារម្ភពីសុវត្ថិភាពរបស់ក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ពេលទៅទស្សនាការប្រកួត នៅប្រទេសរុស្ស៊ី។ លោកស្រីនាយករដ្ឋមន្ត្រី បានព្រមានពលរដ្ឋខ្លួន ឲ្យប្រុងប្រយ័ត្នចំពោះហនិភ័យជាច្រើន នៅប្រទេសរុស្ស៊ី តួយ៉ាងដូចជា ការរើសអើងក្រុមអ្នកស្រលាញ់ភេទដូចគ្នា ពលរដ្ឋស្បែកខ្មៅអង់គ្លេស និងអំពើហិង្សាជាច្រើនពីសំណាក់ក្រុមរើសអើងពលរដ្ឋអង់គ្លេស នៅក្នុងប្រទេសរុស្ស៊ី។
មានប្រជាជនអង់គ្លេស ប្រមាណ ១០,០០០នាក់ ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅមើលការប្រកួតបាល់ទាត់ពិភពលោក នៅរុស្ស៊ី។ គណៈកម្មការកិច្ចការបរទេសរបស់អង់គ្លេស បានប្រាប់ពលរដ្ឋអ្នកគាំទ្រអង់គ្លេស ឲ្យប្រុងប្រយ័ត្នគ្រប់ជំហាន ដើម្បីសុវត្ថិភាពខ្លួនផ្ទាល់ បើទោះបីជាបញ្ហាសុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនអង់គ្លេស នៅទឹកដីរុស្ស៊ី គឺជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលរុស្ស៊ីក៏ដោយ។ ការិយាល័យការបរទេសអង់គ្លេស បានបញ្ជាក់ថា បានត្រៀមខ្លួនរួចរាល់ សម្រាប់គាំទ្រលើអ្នកគាំទ្ររបស់ខ្លួន ប្រសិនបើមានរឿងអ្វីមួយកើតឡើងលើពួកគេ នៅប្រទេសរុស្ស៊ី។
គួររម្លឹកជូនថា អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី និងអង់គ្លេស ជារឿយៗតែងតែមានជម្លោះជាមួយគ្នា ក្នុងអំឡុងពេលប្រកួតបាល់ទាត់រវាងក្រុមទាំង២។ គេនៅចាំបានថា កាលពីការប្រកួតពានរង្វាន់បាល់ទាត់អឺរុប កាលពីឆ្នាំ ២០១៦ នៅប្រទេសបារាំង អំពើហិង្សារវាងក្រុមអ្នកគាំទ្រនៃប្រទេសទាំង ២ បានបណ្តាលឲ្យអ្នកគាំទ្រក្រុមអង់គ្លេសជាង ១០០នាក់រងរបួស ដោយសារតែការវាយប្រហារគ្នាទៅវិញទៅមក ក្នុងទីក្រុងម៉ាកសី។ ក្រៅពីនោះ ក៏មានមនុស្សមួយចំនួន ត្រូវបានចាប់ខ្លួន និងដាក់ឃុំឃាំងរយៈពេលខ្លីផងដែរ។ ក្រុមបាល់ទាត់រុស្ស៊ី នៅពេលនេះ ត្រូវទទួលរងពិន័យពីសហព័ន្ធបាល់ទាត់អឺរុប៕