
Eden Hazard ថា បែលហ្ស៊ិកជំនាន់នេះ នឹងធ្វើបានល្អជាងជំនាន់ David Beckham
ថ្មីៗនេះ Eden Hazard កីឡាករប្រធានក្រុមបាល់ទាត់ជម្រើសជាតិ បែលហ្ស៊ិក ទើបតែបានឲ្យរហ័សនាមដល់ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ឆ្នាំ ២០១៨ ថាជា ‘Golden Generation’ ឬ «ក្រុមជំនាន់មាស»។ ហើយបន្ទាប់ពីឲ្យឈ្មោះនេះហើយ Hazard បានប្រៀបធៀបភាពខុសគ្នា រវាងក្រុមបាល់ទាត់អង់គ្លេស និងបែលហ្ស៊ិក ក្នុងយុគសម័យ Golden Generation។
Hazard ថា កាលពីអំឡុងឆ្នាំ ២០០០ ពេលដែលអង់គ្លេស មានកំពូលកីឡាករជាច្រើន ដូចជា David Beckham, Steven Gerrard និង Michael Owen ជាដើម អង់គ្លេស មិនអាចឈ្នះពានរង្វាន់ World Cup និងសូម្បីតែឡើងដល់វគ្គ ៤ក្រុមចុងក្រោយ ក៏មិនដែលផងនាពេលនោះ។ ប៉ុន្តែបែលហ្ស៊ិក គឺផ្ទុយគ្នា គឺក្នុងពេលនេះ ពេលដែលបែលហ្ស៊ិក មានកីឡាករ Golden Generation បែលហ្ស៊ិក ប្រាកដជាមានឱកាសអាចលើកពាន World Cup បាន។
សូមជម្រាបជូនថា កីឡាករសំខាន់ៗដែលកំពុងលេចធ្លោរក្នុងក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកនាពេលនេះ រួមមាន Hazard, អ្នកចាំទីដៃស្អិត Thibaut Courtois, Kevin De Bruyne និង Romelu Lukaku ជាដើម។
Hazard បានបន្ថែមថា៖ «យើងជាក្រុមកីឡាករល្អ ពួកយើងសុទ្ធតែលេង ក្នុងក្រុមធំៗនៅប្រទេសអង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ ដូច្នេះពួកយើងដឹងច្បាស់ថាត្រូវធ្វើយ៉ាងណា។ ចំណែក golden generation ដែលអង់គ្លេសមានកាលពី ១០ ឬ ១៥ឆ្នាំមុន មិនដែលឈ្នះអីសោះ។ ពេលនេះ ខ្ញុំគិតថា ទាំងអ្នកគាំទ្រ ទាំងអ្នកសារព័ត៌មាន និងប្រជាជនបែលហ្ស៊ិកទាំងមូល ចង់ឲ្យពួកយើងឈ្នះអ្វីមួយ។ ពួកយើងមានសុទ្ធតែកីឡាករមាស ពួកយើងកំពុងស្ថិតនៅក្នុងសមជើង ប៉ុន្តែពួកយើងបានត្រៀមរួចហើយសម្រាប់ World Cup»។
គួរជម្រាបជូនថា សម្រាប់ World Cup ឆ្នាំ ២០១៨នេះ បែលហ្ស៊ិក ស្ថិតនៅក្នុងពូល G ជាមួយអង់គ្លេស ប៉ាណាម៉ា និងទុយណេស៊ី។ បើកឆាកសម្រាប់ការប្រកួតជម្រុះក្នុងពូល នៅថ្ងៃទី ១៨មិថុនា បែលហ្ស៊ិក នឹងត្រូវប្រកួតជាមួយប៉ាណាណា និងចុងក្រោយនៃការប្រកួតជម្រុះក្នុងពូល ហែលហ្ស៊ិក ជួបជាមួយអង់គ្លេស នៅថ្ងៃទី ២៨មិថុនា៕