សហព័ន្ធបាល់ទាត់វៀតណាមចង់យកគ្រូជប៉ុន ឬកូរ៉េខាងត្បូង តែគ្មានដៅជួលគ្រូអឺរ៉ុបទេ
សហព័ន្ធកីឡាបាល់ទាត់វៀតណាម មិនចង់ជួលគ្រូបង្វឹកអឺរ៉ុបមកដឹកនាំក្រុមវៀតណាមទេ ក្រោយចែកផ្លូវជាមួយលោក Philippe Troussier។
យោងតាមប្រភពពី Zing គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) និងក្រុមប្រឹក្សាគ្រូបង្វឹកជាតិបានពិភាក្សាអំពីលក្ខណៈវិនិច្ឆ័យជ្រើសរើសគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិវៀតណាម។
សមាជិកគណៈកម្មាធិការប្រតិបត្តិប្រហែល ៦០ភាគរយ ចង់ស្វែងរកគ្រូបង្វឹកជនជាតិជប៉ុន នៅសល់ ៤០ភាគរយ ចង់បានគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង។ ស្ទើរតែគ្មាននរណាម្នាក់ចង់ជួលគ្រូបង្វឹកអឺរ៉ុបទេ។ នេះគ្រាន់តែជាការពិភាក្សាបឋមប៉ុណ្ណោះ មិនមែនជាការសម្រេចចិត្តចុងក្រោយរបស់គណៈកម្មាធិការប្រតិបត្តិ VFF នោះទេ។
លក្ខណៈវិនិច្ឆ័យសម្រាប់គ្រូបង្វឹកថ្មីគឺត្រូវមានកិត្យានុភាព និងគុណវុឌ្ឍិ សំខាន់ជាងនេះទៅទៀត បុគ្គលនេះក៏ត្រូវស័ក្ដិសមសម្រាប់បាល់ទាត់វៀតណាមផងដែរ។ VFF មិនចង់ធ្វើកំហុសម្តងទៀតដូចជាមួយលោក Philippe Troussier ដែលត្រូវបានចាត់ទុកថាមានសមត្ថភាពខ្ពស់ តែមិនជោគជ័យ៕