ទីបំផុតលោក Jose Mourinho ទិញបានកីឡាករទីមួយហើយក្នុងនាមជាគ្រូរបស់ Spur
ចាប់តាំងពីចូលដឹកនាំមាន់ខ្នាយមាស Tottenham Hotspur កាលពីខែវិច្ឆិកាមកលោក Jose Mourinho មិនទាន់បាននាំយកកីឡាករចំណូលថ្មីណាមួយមកចូលរួមជាមួយក្រុមនៅឡើយទេ។ ប៉ុន្តែនៅពេលនេះកីឡាករ Gedson Fernandes បានក្លាយជាកីឡាករទីមួយដែលលោក Mourinho អន្ទងចិត្តអោយចូលរួមជាមួយ Spur បានសំរេចក្រោមកិច្ចសន្យាខ្ចីជើងពីឥន្រ្តីយ៍ក្រហម Benfica។
Gedson Fernandes និងក្លាយជាកីឡាកររបស់មាន់ខ្នាយមាស Tottenham Hotspur ចាប់ពីខែមករាឆ្នាំ២០២០ នេះទៅក្នុងលក្ខណ្ឌខ្ចីជើងចំនួន ១៨ខែ រួមជាមួយជម្រើសទិញផ្តាច់ផងដែរ។
សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ Spurs បានសរសេរថា៖ “យើងពិតជារីករាយណាស់ដែលបានឈានដល់កិច្ចព្រមព្រៀងជាមួយ Gedson Fernandes ពី Benfica”។
ខ្សែបម្រើវ័យ ២១ ឆ្នាំរូបនេះអាចលេងនៅតំបន់កណ្តាលឬស្លាបខាងស្តាំ ដែលជាទំរង់ដែលគេបានបំពេញជាមួយ Benfica ជាងពីររដូវកាលកន្លងមក ហើយរូបគេនឹងពាក់អាវលេខ ៣០ សម្រាប់ការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះ។
រដូវកាលមុនសំរាប់ការបង្ហាញខ្លួនលើកដំបូងអោយក្រុម យុវជនរបស់ Benfica ម្នាក់នេះបានបង្ហាញទំរង់លេងយ៉ាងល្អ ដោយជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អបំផុតប្រចាំខែសីហានៃក្របខ័ណ្ឌ Primeira Liga របស់ព័រទុយហ្កាល់។ រដូវកាលនមុននេះដែរ Gedson Fernandes ចូលលេងអោយ Benfica បាន២២ប្រកួត និងជួយអោយក្រុមឈ្នះជើងឯកជាលើកទី ៣៧ផងដែរ៕