គម្រោងកសាងកីឡដ្ធានថ្មី របស់ លោកតា Sir Jim Ratcliffe
លោកតា Jim Ratcliffe កំពុងសម្លឹងចង់សាងសង់កីឡដ្ឋានថ្មីសម្រាប់បក្សបិសាចក្រហម Manchester United។ បន្ទាប់ពីទិញភាគហ៊ុនប្រមាណ 1.2 ពាន់លានផោនរួចមក មហាសេដ្ឋីអង់គ្លេសរូបនេះគ្រោងនឹងចំណាយ 239 លានផោនទៅលើការកែប្រែហេដ្ឋារចនាសម្ព័ន្ធរបស់ក្លឹបផងដែរ។
សារព័ត៍មាន Daily Telegraph បានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារថាលោកតា Sir Jim Ratcliffe ចង់សាងសង់កីឡដ្ឋានថ្មីសម្រាប់ក្រុម Manchester United ក្រោយពីបានចំណាយពេលជាង 114 ឆ្នាំនៅ Old Trafford ហើយកីឡដ្ធាននោះដែលផ្ទុកអ្នកទស្សនាបានត្រឹមតែជិត 74,000នាក់ប៉ុណ្ណោះ ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ឈ្មោះកីឡដ្ធានដែលមានគម្រោងបង្កើតថ្មីនោះគឺឈ្មោះ ‘Wembley of the North’ មានន័យថាកីឡដ្ធាន “Wembley នៅភាគខាងជើង” ដែលអាចផ្ទុកបានអ្នកទស្សនាចំនួន 90,000។ គិតត្រឹមព្រឹកថ្ងៃពុធនេះសារព័ត៍មាន Sky Sports News បញ្ជាក់ថាជម្រើសគឺមានរួចហើយថាតើគួរប្តូរទីតាំងទៅទីក្រុងថ្មីឬក៏ប្តូរទៅកាន់កីឡដ្ធានផ្សេងដែលស្ថិតនៅទឹកដី Manchester ដដែលក៏ប៉ុន្តែមិនទាន់ការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងក្នុងដំណាក់កាលនេះទេ។
យោងតាមសារព័ត៌មាន Telegraph វិញបានបញ្ជាក់ដែរថាបើគម្រោងនោះពិតជាបានសម្រេចមែន លោកតា Ratcliffe ប្រឆាំងនឹងគំនិតក្នុងការផ្លាស់ទីលំនៅរបស់ក្លឹបប៉ុន្តែគាំទ្រនឹងការស្នាក់នៅក្នុងទឹកដីតែមួយដដែល។ Manchester United កាន់កាប់ដីប្រហែលជាង 100 ហិចតានៅជុំវិញកីឡដ្ធាន Old Trafford, 43 ហិចតានៃដីនោះអាចយកមកអភិវឌ្ឍន៍បានចំណែកប្រហែល 25 ហិចតាទៀតគឺមិនបានប្រើប្រាស់អ្វីឡើយ។
លោក Jim Heverin នាយកនៅ Zaha Hadid Architects បាននិយាយថា របៀបដែល Barcelona, Real Madrid និង Liverpool បានធ្វើនោះគឺ ជួសជុលកីឡដ្ឋានផ្ទាល់ខ្លួនរបស់ពួកគេជាជាងការកសាងថ្មីដែលជាគម្រូមួយដ៏ល្អដែល Man United គួរអនុវត្តតាម។ ជាចុងក្រោយកាសែត Daily Telegraph រាយការណ៍ថាបើសិនជាការពង្រីកទឹកដី Old Trafford, Manchester United ត្រូវចំណាយប្រហែល 800 លានផោន ខណៈដែលសាងសង់ថ្មីនឹងត្រូវចំណាយប្រហែល 1.5 ពាន់លានផោនទៅ 2ពាន់លានផោន។