Jurgen Klopp៖ ខ្ញុំនឹងមិនយំដូចកូនក្មេងអាយុ៥ឆ្នាំឡើយ ទោះបីជាថ្នាក់ដឹកនាំ Liverpool មិនព្រមទិញខ្សែការពារថ្មីបន្ថែមឱ្យ
គ្រូបង្វឹក Jurgen Klopp បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួននឹងមិនយំដូចជាកូនក្មេងឡើយ ទោះបីជាថ្នាក់ដឹកនាំ Liverpool មិនព្រមទិញខ្សែការពារថ្មីបន្ថែមឱ្យដើម្បីបំពេញចន្លោះប្រហោងនារដូវកាលនេះ។
បុរសជនជាតិអាល្លឹម៉ង់បានបន្ថែមទៀតថា៖ “ខ្ញុំមិនមែនជាកូនក្មេងអាយុ៥ឆ្នាំឡើយ បើទោះជាមិនបានរបស់អ្វីដែលខ្ញុំចង់បាន ព្រោះនិយាយដោះស្មោះត្រង់ទៅ ក្នុងជីវិតខ្ញុំនេះខ្ញុំជួបរឿងបែបនេះជាច្រើនដងមកហើយ។ ជាការពិតខ្ញុំជាអ្នកទទួលខុសត្រូវនៅទីនេះ ប៉ុន្តែក៏មានមនុស្សសំខាន់ជាច្រើនដែលទទួលខុសត្រូវធំៗនៅទីនេះផងដែរ ដូចនេះខ្ញុំមិនអាចបង្ខំលើការសម្រេចចិត្តរបស់របស់ពួកគេបានឡើយ”។
ក្រុមការពារតំណែងជើងឯក Premier League ត្រូវបានគេមើលឃើញថាកំពុងតែជួបវិបត្តិខ្សែការពារយ៉ាងខ្លាំងនៅរដូវកាលនេះ ក្រោយពេលដែល Virgil van Dijk មានបញ្ហារបួសដាច់សសៃជង្គង់ ACL ខណៈដែលសមាជិកផ្សេងៗមានបញ្ហារបួសជាហូហែរផងដែរ យ៉ាងណាក្តីក្លឹបរបស់មហាសេដ្ឋីអាមេរិកទំនងជាមិនទិញកីឡាករថ្មីមកពង្រឹងក្លឹបទេនៅខែមករានេះ ដោយសារតែកញ្ចប់ហិរញ្ញវត្ថុរបស់ក្លឹបមានកំណត់។
គួរឱ្យដឹងថា Liverpool ត្រូវគេរាយការណ៍មកថា បានខាតទឹកប្រាក់ប្រមាណ១០០លានផោនក្នុងវិបត្តិកូវីដ១៩នៅក្នុងឆ្នាំ២០២០ បើទោះបីជាឈ្នះពានរង្វាន់ Premier League ជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំក្តី។