ថ្ងៃនេះសកលកម្ពុជាប្រកួត២គូទៀត ខណៈទូច ដេវីត ត្រូវធ្វើការធ្ងន់
ប្រដាល់សកលក្នុងព្រឹត្តិការណ៍ស៊ីហ្គេមបានឈានចូលដល់ថ្ងៃទី០២ហើយនៅថ្ងៃអង្គារ ទី១៧ ខែឧសភា នេះ ដោយកីឡាករខ្មែរ២រូបទៀតត្រូវចាប់ផ្ដើមបេសកកម្មរបស់ខ្លួន។
ក្នុងនោះ ទូច ដេវីត ត្រូវប៉ះកីឡាករហ្វីលីពីន ក្នុងប្រភេទទម្ងន់៦៣គីឡូក្រាម គូទី៨។ ដៃគូរបស់ដេវីត គឺ James Palicte ដែលជាម្ចាស់មេដាយមាសឆ្នាំ២០១៩។
ចំណែក នៅ សុខទី ត្រូវប្រកួតជាមួយកីឡាករមីយ៉ាន់ម៉ា គូទី៣។ ការប្រកួតនឹងចាប់ផ្ដើមពីម៉ោង៤ល្ងាចតទៅ។
សម្រាប់លទ្ធផល នៅថ្ងៃចន្ទ ទី១៦ ឧសភា សៅ រង្ស៊ី ដែលប្រកួតក្នុងប្រភេទទម្ងន់ ៤៨គីឡូក្រាម បានយកឈ្នះពិន្ទុអ្នកប្រដាល់ម៉ាឡេស៊ី
Sheikh Rahmatulah Bin Ibrahim ។
អ្នកប្រដាល់កម្ពុជាមួយរូបទៀតគឺ ហ៊ុន គឹមហ៊ាង ដែលប្រកួតក្នុងប្រភេទទម្ងន់៧៥គីឡូក្រាមនោះបានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ទីម័រខាងកើត Delio Anzaqeci Mouzinho ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ៕