Marcos Alonso កាន់តែគ្មានសង្ឃឹមបន្តអាជីពជាមួយតោខៀវ Chelsea នៅក្រោមការគ្រប់គ្រងរបស់លោក Frank Lampard
(BC-99)
ក្រោយពេលដែលក្រុម តោខៀវ Chelsea បានរួចផុតបម្រាមការហាមទិញកីឡាករ វាកាន់តែធ្វើអោយខ្សែការពារសញ្ជាតិអេស្ប៉ាញ Marcos Alonso កាន់តែគ្មានសង្ឃឹមថាអាចបន្តអាជីពជាមួយតោខៀវនៅក្រោមការគ្រប់គ្រងរបស់លោក Frank Lampard ថែមទៀត។
កីឡាករវ័យ២៨ឆ្នាំរូបនេះត្រូវបានបាត់ឈ្មោះចេញពីបញ្ជីជម្រើសដំបូងរបស់ Chelsea ចាប់តាំងពីថ្ងៃទី៥វិច្ឆិការនៅពេលដែលពួកគេលេងបានត្រឹមតែ៤ស្មើជាមួយក្រុម Ajax។ វត្តមានរបស់ Reece James ត្រូវបានគេមើលឃើញថាកំពុងតែមានភាពមមាញឹកមកជំនួសតំណែងរបស់ Marcos Alonso និងស្របពេលដែលគ្រូបង្វឹករបស់ពួកគេគឺលោក Frank Lampard ក៏កំពុងកំណត់គោលដៅយកកីឡាករខ្សែការពារស្លាបមកបន្ថែមផងដែរ។
ដោយសារតែមានទំនុកចិត្តថាក្លិបនឹងនៅតែរក្សារូបគេទុកនោះទើបធ្វើអោយ Alonso មិនរវីរវល់និងការផ្លាស់ទៅកាន់ក្លិបណាផ្សេងទៀតឡើយបើទោះជារូបគេធ្លាប់ត្រូវបានចាប់អារម្មណ៍ដោយក្រុមធំៗដែលមានដូចជា Manchester United និង FC Barcelona កាលពីរដូវកាលមុនៗក៏ដោយ។
ឆ្លើយតបទៅនិងអ្នកសារព័ត៌មាន Marcos Alonso បាននិយាយអោយដឹងថារូបគេកំពុងឋិតនៅក្នុងភាពស្រពិចស្រពឹលពិបាកសម្រេចចិត្តថាគួរតែធ្វើបែបណា។ តែសម្រាប់រូបគេវិញ Stamford Bridge គឺប្រៀបបានដូចជាផ្ទះទីពីររបស់គេ ហើយគេក៏មិនចង់ទៅណាដែររហូតដល់អាជីពរបស់គេត្រូវបញ្ចប់។