Pochettino ឈ្នះពានដំបូងក្នុងអាជីពក្រោយដឹកនាំ PSG ជាង១០ថ្ងៃ
Paris Saint Germain បានយកឈ្នះ Marseille ដោយលទ្ធផល២ទល់នឹង១ ឈានទៅលើកពាន Trophee des Champions នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។
តាមពិតទៅពានរង្វាន់ដែលស្មើនឹងពាន Community Shield របស់អង់គ្លេសមួយនេះ ត្រូវគ្រោងធ្វើតាំងពីចុងឆ្នាំ២០២០ម្ល៉េះ តែដោយសារបញ្ហាកូវីដ១៩ ត្រូវលើកមកដល់ឆ្នាំ២០២១វិញ។
ដោយឡែក នេះជាលើកទីមួយហើយដែលអ្នកចាត់ការថ្មី PSG លោក Mauricio Pochettino មានឱកាសលើកពានជាលើកទីមួយក្នុងអាជីពជាគ្រូបង្វឹក ហើយកើតឡើងក្នុងការប្រកួតទី៣ក្នុងការដឹកនាំក្លិបបារាំងមួយនេះ ក្រោយចូលរួមនៅដើមខែមករា ឆ្នាំ២០២១។
Mauro Icardi ជាអ្នកបើកឆាកនាំមុខសម្រាប់ក្រុមមានមូលដ្ឋាននៅរដ្ឋធានីប៉ារីស មុន Neymar បន្ថែមបានមួយគ្រាប់ទៀត។ ចំណែកគ្រាប់បាល់របស់ Marseille ដែលដឹកនាំដោយអតីតអ្នកចាត់ការ Tottenham Hotspur ម្នាក់ទៀត គឺលោក Andre Villas Boas នោះ ធ្វើបានដោយ Dimitri Payet។
ជ័យជម្នះនេះបន្តឥទ្ធិពលរបស់ PSG ក្នុងបាល់ទាត់បារាំង ដោយពួកគេបានឈ្នះវគ្គផ្ដាច់ព្រ័ត្រពានក្នុងស្រុក១៩ដងក្នុងចំណោម២០ប្រកួតរយៈពេល៨ឆ្នាំចុងក្រោយ។
គួររំឭកថា លោក Pochettino បានចូលកាន់តំណែងគ្រូបង្គោល PSG ជំនួសលោក Thomas Tuchel ដែលត្រូវបានបញ្ចប់កុងត្រាកាលខែធ្នូ ឆ្នាំ២០២០៕