៤ក្លិបហើយបានកៅអីទៅវគ្គ១៦ក្រុមនៅ UCL
Barcelona, Chelsea, Juventus និង Sevilla ស្រវាបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ហើយក្រោយចប់ការប្រកួតរៀងៗខ្លួននៅរាត្រីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា។
ជាក់ស្ដែងក្នុងការប្រកួតនៅពូល E យប់មិញ Chelsea ឈ្នះ Rennes ១ទល់នឹង២ និង Sevilla ឈ្នះ Kransnodar ១ទល់នឹង២ដូចគ្នា។ សរុបពិន្ទុនៅពូល E គឺ Chelsea និង Sevilla មាន១០ពិន្ទុដូចគ្នា។
ចំណែក Barcelona និង Juventus វិញសុទ្ធតែមានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីរកបានពិន្ទុគ្រប់គ្រាន់នៅពូល G។ ក្នុងការប្រកួតយប់មិញ Barcelona បានយកឈ្នះ Dynamo Kyiv ០ទល់នឹង៤ និង Juventus ឈ្នះ Ferencvaros ២ទល់នឹង១។ សរុប៤ប្រកួត Barcelona មាន១២ពិន្ទុ និង Juventus មាន៩ពិន្ទុ។
សម្រាប់លទ្ធផលផ្សេងៗ នៅពូល F មាន Borussia Dortmund ឈ្នះ Club Brugge ៣ទល់នឹង០ និង Lazio ឈ្នះ Zenit St.Petersburg ៣ទល់នឹង១។ ពូល H មាន Manchester United ឈ្នះ Istanbul Basaksehir ៤ទល់នឹង០ និង Paris Saint Germain ឈ្នះ RB Leipzig ១ទល់នឹង០៕